ឧត្តរមានជ័យ៖ ឯកឧត្តម ប៉ែន កុសល្យ បានក្រើនរំលឹកដល់មន្រ្តីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធ ទាំងអស់ធ្វើយ៉ាងណាត្រូវរួមសាមគ្គីគ្នាឲ្យបានស្អិតរមួតក្នុងការសហការគ្នាដើម្បីបង្រ្កាបទប់ស្កាត់ឲ្យខានតែបានរាល់បទល្មើសឆ្លងដែននានា ធនធានធម្មជាតិនិងល្បែងស៊ីសងជ្រកក្រោមរូបភាពផ្សេងៗ។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានបន្តថា ការទប់ស្កាត់រាល់បទល្មើសនានា និងល្បែងស៊ីសងជ្រកក្រោមរូបភាពផ្សេងៗនោះ គឺជាកត្ដាចាំបាច់ដ៏សំខាន់សម្រាប់អស់លោកដែលជាមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរខ្ពស់លើបញ្ហាទាំងអស់នេះ ដើម្បីឲ្យខេត្តមិនមានបទល្មើស និងល្បែងស៊ីសងនោះ។
ក្នុងនោះដែរឯកឧត្តម បានរំលឹកដល់ស្ថាប័នជំនាញទាំងអស់ និងនៅតាមបណ្តាលគណៈបញ្ជាការក្រុងស្រុកធ្វើយ៉ាងណាត្រូវធ្វើការទប់ស្កាត់ និងពិនិត្យឲ្យបានម៉ត់ចត់ប្រសិនបើដែនសមត្ថកិច្ចណានៅតែបន្តមានបទល្មើសកើតមាននោះ អាជ្ញាធរទាំងអស់ត្រូវមានភារកិច្ចទទួលខុសត្រូវដោយខ្លួនឯង៕ អត្ថបទ៖ សារិទ្ធ






