ភ្នំពេញ៖ កម្ពុជា នឹងចាប់ផ្ដើមការសម្ភាសន៍ប្រមូលទិន្នន័យជំរឿនកសិកម្ម នៅខែមេសា ឆ្នាំ២០២៣ ខណៈដែលជំរឿនកសិកម្មនេះ ជាលើកទី២ ដែលត្រូវរៀបចំឡើងដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងផែនការ ក៏ដូចជាក្រសួងកសិកម្ម និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាពិភាក្សា ពាក់ព័ន្ធនឹងការធ្វើជំរឿនកសិកម្មលើកទីពីរនៅកម្ពុជា។ តាមកាលបរិច្ឆេទកំណត់ ជំរឿនកសិកម្មនេះ នឹងចាប់ផ្ដើមសម្ភាសន៍ប្រមូលទិន្នន័យក្នុងរយៈពេលពេញមួយខែ គឺចាប់ពីថ្ងៃទី ១ខែមេសា ដល់ថ្ងៃទី៣០ខែមេសា ឆ្នាំ ២០២៣។
ជំរឿនកសិកម្មនេះ គឺមានការកំណត់សម្ភាសន៍តែអង្គភាពក្នុងវិស័យកសិកម្មប៉ុណ្ណោះ ពុំរាប់បញ្ចូលអង្គភាពសេដ្ឋកិច្ចក្នុងវិស័យឧស្សាហកម្ម សំណង់ ពាណិជ្ជកម្ម និងសេវាកម្មនោះទេ។
ក្នុងឱកាសបើកសិក្ខាសាលានាព្រឹកនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានបញ្ជាក់ថា ការធ្វើជំរឿនកសិកម្ម ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនិងជាសូចនាករយ៉ាងសំខាន់សម្រាប់ត្រួតពិនិត្យ តាមដានវាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា(CSDGs)ឆ្នាំ២០១៦-២០៣០។
ដោយសារភាពសំខាន់នៃជំរឿនកសិកម្មនេះ គឺទាមទារការអនុវត្តការងារប្រកបដោយការប្រុងប្រយ័ត្ន និងពិនិត្យភាពច្បាស់លាស់គ្រប់ដំណាក់កាល។ នេះជាការលើកឡើងបន្ថែមរបស់លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ។ លោកជំទាវ លើកឡើងថា ជាក់ស្ដែងនៅថ្ងៃនេះ គឺក្រុមការងារជំនាញពិនិត្យផ្ទៀងផ្ទាត់លើកម្រងសំណួរ ដើម្បីធានាសំណួរទាំងនេះអាចប្រមូលបាននូវគ្រប់ទិន្នន័យដែលចង់បាន។
ជំរឿនកសិកម្មនៅឆ្នាំ២០២៣នេះអនុវត្តតាមវិធីសាស្ត្រ “ឃើញ រាប់ជាក់ស្ដែង (De Facto) ដោយមន្ត្រីសម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យការសម្ភាសត្រូវចុះជំរឿន និងសម្ភាសន៍ដោយផ្ទាល់ចំពោះសមាជិកគ្រួសារកសិកម្ម និងម្ចាស់ ឬតំណាងកសិដ្ឋាននៅមូលដ្ឋានទីតាំងជាក់ស្តែងទូទាំងប្រទេស៕អត្ថបទ៖ គឹមហុក