បាល់ទាត់៖ អ្នកចាំទី Spurs, Hugo Lloris នឹងត្រូវសម្រាករយៈពេលចន្លោះពី ៦ ទៅ ៨សប្តាហ៍ដោយសាររបួសជង្គង់។ អតីតកីឡាករជម្រើសជាតិបារាំងវ័យ ៣៦ឆ្នាំរូបនេះបានទទួលរងរបួសជង្គង់ អំឡុងការប្រកួតដែល Spurs យកឈ្នះ Manchester City ១-០ ក្របខណ្ឌ English Premier League កាលពីថ្ងៃអាទិត្យ។

Hugo Lloris ដែលជាប្រធានក្រុមរបស់បារាំងនៅ World Cup 2022 ចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រនោះ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីខែមុន។ អ្នកចាំទីបម្រុងរបស់ Spurs គឺជាអតីតអ្នកចាំទី Southampton និងជម្រើសជាតិអង់គ្លេស Fraser Forster។ Spurs នៅមានអ្នកចាំទី ២នាក់ទៀតដែលចេញពីថ្នាលយុវជនរួមមាន Brandon Austin និង Alfie Whiteman តែអ្នកទាំងពីរនៅស្ទើរបទពិសោធន៍។ Spurs កំពុងឈរលេខ៥ នៅ Premier League បច្ចុប្បន្នកំពុងប្រជែងតំណែងលេខ៤ ដើម្បីឱកាស UCL ឆ្នាំក្រោយ។ ថ្ងៃសៅរ៍នេះ Spurs នឹងត្រូវជួប Leicester City មុនពេលជួប AC Milan នៅថ្ងៃអង្គារសប្តាហ៍ក្រោយជើងទី១ ក្របខណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ