ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ពលរដ្ឋជាង ២លាន ៤ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់ដូសទី១ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់រាជរដ្ឋាភិបាលគិតត្រឹមថ្ងៃនេះ។
ក្នុងរបាយការណ៍របស់ខ្លួន ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ២លាន ៤ម៉ឺននាក់ហើយ បានទទួលវ៉ាក់សាំងដែលផ្ដល់ឱ្យដោយក្រសួងសុខាភិបាល និងក្រសួងការពារជាតិនៅក្នុងរយៈពេល ៩៤ថ្ងៃចុងក្រោយមកនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ហើយគិតនៅត្រឹមថ្ងៃនេះ យុទ្ធនាការនេះ បានបន្តដំណើរការអស់រយៈពេលជាង ៩៤ថ្ងៃមកហើយ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល សម្រាប់ដូសទី១ ប្រជាពលរដ្ឋជាង ១លាន ៤ពាន់នាក់ បានទទួលវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ហើយប្រជាពលរដ្ឋជាង ៨៧ម៉ឺន៩ពាន់នាក់ បានទទួលវ៉ាក់សាំងចិនស៊ីណូហ្វាម ខណៈដែលវ៉ាក់សាំងខូវីហ្ស៊ែល ត្រូវបានចាក់ជូនប្រជាពលរដ្ឋបានជាង ១៥ម៉ឺន ៧ពាន់នាក់។
ក្រសួងសុខាភិបាលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋជាង ១លាន ១៤ម៉ឺននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅក្នុងរយៈពេលជាង ៣ខែមកនេះ។
បើតាមតួលេខកត់ត្រាដោយក្រសួងសុខាភិបាល ប្រជាពលរដ្ឋជាង ២លាន ១០ម៉ឺននាក់បានចុះឈ្មោះស្ម័គ្រចិត្តចាក់វ៉ាក់សាំងដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនេះ ប៉ុន្តែ ប្រជាពលរដ្ឋដល់ទៅជាង ៦ម៉ឺន ៨ពាន់នាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនោះឡើយដោយសារបញ្ហាសុខភាព៕