កំពង់ស្ពឺ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន ទូទាំងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ កន្លែង ក្នុងនោះមានកម្មករ និយោជិតសរុបចំនួន ១៥៥,៧៦១ នាក់ ស្រី ១១៥.៥២២នាក់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា រោងចក្រ សហគ្រាសគ្រឹះស្ថានចំនួន ៣៨៣ កន្លែង ក្នុងនោះ វិស័យវាយនភណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងចំនួន ១៨៩ កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩ នាក់ ស្រី ១១០.៨៤៣ នាក់។
ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២,៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១.៧១៤.៨៣៦.០០០ ដុល្លាសហរដ្ឋអាមេរិកផងដែរ។
បើតាមឯកឧត្ដមអភិបាលខេត្ត ចំពោះរោងចក្រធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួន ១,១៣០ មូលដ្ឋាន ដោយមានទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០ នាក់ ស្រីចំនួន ៧.៧០០នាក់៕អត្ថបទ៖ វ៉ន ដារ៉ា