
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ មានរោងចក្រកែច្នៃផលិតផលកសិកម្មចំនួន ១៣កន្លែង ក្នុងនោះរោងចក្រកែច្នៃអំពៅ (ស្ករស) ចំនួន ១ កន្លែងរោងចក្រកែច្នៃដំឡូងមី១កន្លែង និងរោងចក្រដំណាប់ស្វាយ ១១ កន្លែង ស្រូបយកកម្លាំងពលកម្មបានចំនួន ៤.៤២៤ នាក់ ទទួលបានប្រាក់ចំណូលប្រមាណ ២០ លានដុល្លាក្នុង១ឆ្នាំ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្លែងបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងឱ្យដឹងថា ការងារកសិកម្ម ក្នុងផែនការបង្កបង្កើនផលស្ររដូវប្រាំងរយៈពេល៥ឆ្នាំ (២០១៨-២០២២) មានចំនួន ៣.១៤០ ហិកតា ដោយអនុវត្តនិងប្រមូលផលបានចំនួន ២.៤៩៨ ហិកតា ស្មើនឹង ៧៩,៥៥%។ ទិន្នផលជាមធ្យមទទួលបាន ៣,៣៤២ តោនក្នុង១ហិកតា គិតជាបរិមាណផលសរុបចំនួន ៨.៣៣៩ តោន និងដំណាំរួមផ្សំអនុវត្តបានចំនួន ២.១៨២ ហិកតា។
ចំណែកស្រូរដូវវស្សារអនុវត្តរយៈពេល៥ឆ្នាំដូចគ្នាលើផ្ទៃដីចំនួន ៥៦៨.០០០ ហិកតា ដោយអនុវត្តបានសរុបចំនួន ៥៩៣.២១១ ហិកតា។ ផ្ទៃដីប្រមូលផលបានក្នុងឆ្នាំ៥ឆ្នាំនេះចំនួន ៥៨៩,២៧៧ ហិកតា ស្មើនឹង ៩៩,៣៣% ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៣.៩៣៤ ហិកតា។ ទិន្នផលជាមធ្យមទទួលបាន ៣,១៩៥ តោនក្នុង១ហិកតាគិតជាបរិមាណផលសរុបទទួលបានចំនួន ១,៨៨៥.៤៣៧ តោន និងដំណាំរួមផ្សំអនុវត្តបានចំនួន ១៣.៧៦៤ ហិកតា។
ឯកឧត្ដមបញ្ជាក់ថា តុល្យភាពស្បៀងសម្រាប់រយៈពេល៥ឆ្នាំមកនេះ បរិមាណផលសរុបចំនួន ១,៨៩៣.៧៧៦ តោន ទុកពូជ និងបាត់បង់ពេលប្រមូលផលចំនួន ២៤៦.១៩១ តោន ស្មើនឹង ១៣% តុល្យភាពស្បៀងគិតជាអង្ករ ៤១៩.៤៧០ តោន និងតុល្យភាពស្បៀងគិតជាស្រូវ ៦៥៥,១០៩ តោន៕អត្ថបទ៖ វ៉ន ដារ៉ា