ទួរគី៖ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានការពារការឆ្លើយតបរបស់រដ្ឋាភិបាលលោក ចំពោះគ្រោះរញ្ជួយដីដ៏មហន្តរាយចំនួនពីរដោយនិយាយថា វាមិនអាចទៅរួចនោះទេក្នុងការត្រៀមសម្រាប់ទំហំនៃគ្រោះមហន្តរាយបែបនេះ។

យ៉ាងហោចណាស់មនុស្សជាង ១៥,០០០នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី។ ក្រុមអ្នករិះគន់បានអះអាងថា ការឆ្លើយតបរបស់អង្គភាពសេវាសង្គ្រោះបន្ទាន់យឺតយ៉ាវពេក ហើយរដ្ឋាភិបាលបានរៀបចំពុំបានល្អដូចជាទីជម្រក ការផ្គត់ផ្គង់ផ្សេងៗ។ លោក Erdogan បានទទួលស្គាល់ថា រដ្ឋាភិបាលបានជួបប្រទះបញ្ហាមួយចំនួន ប៉ុន្តែបាននិយាយថា ស្ថានភាពបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រង។ មេដឹកនាំគណបក្សប្រឆាំងធំរបស់ប្រទេសទួរគីលោក Kemal Kilicdaroglu និយាយថា មានមនុស្សម្នាក់ត្រូវទទួលខុសត្រូវចំពោះរឿងនេះគឺលោក Erdogan។ លោកប្រធានាធិបតីបានច្រានចោលការចោទប្រកាន់នេះ ហើយបាននិយាយថា ការរួបរួមគឺជាតម្រូវការចាំបាច់បន្ទាប់ពីគ្រោះមហន្តរាយ។

នៅក្នុងប្រទេសស៊ីរីដែលនៅជិតគ្នានោះ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស។ ច្រកឆ្លងកាត់ Bab al-Hawa រវាងប្រទេសទួរគី និងស៊ីរីត្រូវបានបិទចាប់តាំងពីរញ្ជួយដីមក ខណៈផ្លូវថ្នល់ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ខណៈមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបាននិយាយថា ផ្លូវនេះអាចចូលបានក្នុងពេលឆាប់ៗនេះ រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានបញ្ជាក់ថា ប្រទេសនេះកំពុងធ្វើការដើម្បីបើកច្រកព្រំដែនពីរបន្ថែមទៀត ដើម្បីជួយទទួលជំនួយចូលមកក្នុងប្រទេស៕
អត្ថបទ៖ ប៊ុនថន