ភ្នំពេញ៖ បន្ទាប់ពីបានរកឃើញបទល្មើសជាបន្តបន្ទាប់ នៅតាមទីតាំងបញ្ចាំ និងកន្លែងសង្ស័យនានា អាជ្ញាធររាជធានីភ្នំពេញ បានប្តេជ្ញាបង្កើនសកម្មភាពត្រួតពិនិត្យ និងរិតបន្តឹងនូវគ្រប់ទីតាំងបញ្ចាំ ជាពិសេស នៅតំបន់ឃ្លាំងរំសេវ ដើម្បីលុបបំបាត់អំពើចោរកម្ម និងបទល្មើសផ្សេងៗ ផ្តល់សេចក្តីទុកចិត្ត និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នេះបើយោងតាម លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលបានប្រាប់ឱ្យដឹង នៅក្នុងពីធីផ្តល់បណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែកម្ភ ឆ្នាំ២០២៣។
លោក ឃ្លាំង ហួត បានបញ្ជាក់ថា បញ្ហាបញ្ចាំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អាជ្ញាធេដែលដឹកនាំដោយរូបលោកផ្ទាល់ កំពុងខិតខំបន្តចុះធ្វើជាបន្តបន្ទាប់ ទោះបីជាទីតាំងទាំងនោះមាន ឬគ្មានច្បាប់ក្តី ដោយមមិនចាំបាច់ ឬលុះត្រាតែមានការរំលឹកដាស់តឿន ពីសម្តេចទាំងទ្វេទៀតនោះទេ ព្រោះវាជាកាត្តព្វកិច្ចដែលអាជ្ញាធរត្រូវធ្វើ ហើយត្រូវតែធ្វើឱ្យដូចភ្លៀងរលឹម ដោយសារតែទីតាំងបញ្ចាំទាំងនោះ មានខ្វះគ្មានច្បាប់ទម្លាប់ទេ ខ្លះទៀតមានច្បាប់ទម្លាប់ហើយ តែមិនបានអនុវត្តឱ្យបានត្រឹមត្រូវ ដូច្នេះកត្តាទាំងនេះ ក៏ជាដើមទងនៃការបង្កឱ្យមានបទល្មើសចោរកម្មដែរ។ ដោយឡែកទីតាំងណាដែលមានច្បាប់ទម្លាប់ ហើយបានអនុវត្តត្រឹមត្រូវនោះ នឹងត្រូវបានលើកទឹកចិត្ត ពីព្រោះបានរួមចំណែកជួយដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
លោកអភិបាលរង បានថ្លែងបញ្ជាក់ទៀតថា សកម្មភាពនៃការចុះអនុវត្តនេះ បច្ចុប្បន្នក្រុមការងារកំពុងធ្វើយ៉ាងសកម្មនៅតំបន់ឃ្លាំងរំសេវ ក្នុងខណ្ឌទួលគោក ដែលមានប្រមាណជាង៦០ទីតាំង, ហើយក៏ជាកន្លែងដែលប្រជាពលរដ្ឋ បានរាយការណ៍មកក្រុមការងារច្រើនជាងគេ។
ជាមួយគ្នានេះ លោកអភិបាលរងបានស្នើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការ ឃ្លាំមើល និងត្រូវរាយការមកក្រុមការងារភ្លាមៗ ករណីមានការចល័យម៉ូតូ ឬរថយន្តសង្ស័យចេញពីទីតាំង ដើម្បីមានវិធានការអន្តរាគមន៍បន្ទាន់ ខណៈដែលរូបលោកក៏ដូចក្រុមការងារស្ម័គ្រស្មោះ បម្រើ និងធ្វើការងារនេះឱ្យបានល្អ ដោយមិនគិតពីផលប្រយោជន៍ ឬលាភសការៈពីការងារនេះឡើយ។
លោកក៏ធ្លាប់បញ្ជាក់ដែរថា ការមិនចូលរួម មិនអើពើណាមួយរបស់មន្រ្តីកងកម្លាំងមានសមត្ថកិច្ចដែលពាក់ព័ន្ធ គឺស្មើនឹងមើលស្រាលបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមើលងាយប្រជាជនស្លូតត្រង់៕


