ស៊ីហ្គេម៖ ក្រុមជម្រើសជាតិមួយចំនួន ដែលបានបិទទ្វារហ្វឹកហាត់ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ឬស្ដាតអូឡាំពិកត្រូវបានផ្លាស់ប្ដូរទីតាំងថ្មី ទៅហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញ បន្ទាប់ពីអាជ្ញាធរបានសម្រេចយកទីតាំងសំខាន់ៗមួយចំនួន នៃពហុកីឡដ្ឋានជាតិប្រើប្រាស់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

ប្រភពដដែលបានបន្ដថា ដើម្បីសម្រួលដល់កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ក្នុងការផ្ដល់ទីតាំងសំខាន់ៗ នៃពហុកីឡដ្ឋានជាតិដើម្បីរៀបចំ និងប្រើប្រាស់ជាកន្លែងព្យាបាលជំងឺ រួមមានវិមានពហុកីឡដ្ឋានជាតិ និងសាលដំបូលទូកទាំង ៣ ដែលជាកន្លែងហ្វឹកហាត់របស់កីឡាតេក្វាន់ដូ, កាយសម្ព័ន្ធ, ចំបាប់ និងកីឡាយូដូជាដើម។ ដោយសារមានតម្រូវការចាំបាច់បែបនេះ ក៏ដូចជាដើម្បីចូលរួមយុទ្ធការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ដូច្នេះក្រសួងអប់រំ បានតម្រូវឲ្យប្រភេទកីឡាមួយចំនួន ដែលបិទទ្វារហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិនេះ ត្រូវប្ដូរទៅបិទទ្វារហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោវិញ ដើម្បីរក្សាសុវត្ថិភាពពីជំងឺរាតត្បាតជាសកលនេះផង និងដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាមនាចុងឆ្នាំ២០២១ នេះផង។

គួរបញ្ជាក់ថា ការសម្រេចយកទីតាំងនៃពហុកីឡដ្ឋានជាតិ សម្រាប់ត្រៀមប្រើប្រាស់ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ពុំទាន់មានសញ្ញាថមថយនៅឡើយ ជាក់ស្ដែងគិតត្រឹមល្ងាចថ្ងៃទី២៥ ខែមេសាម្សិលមិញ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ សរុប ៩,៩៧៥នាក់ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន ៦១៦នាក់ ក្នុងនោះមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦,៤៩៥នាក់, អ្នកជាសះស្បើយចំនួន ៣,៤០០នាក់ និងជនរងគ្រោះដែលស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះសរុបចំនួន ៧៤នាក់៕
អត្ថបទ លី ឈុនឡា