ស៊ីហ្គេម៖ ខេត្តសៀមរាប ពិសេសតំបន់អង្គរនឹងក្លាយជាផ្នែកមួយដ៏សំខាន់ នៃដំណើរការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទី១-ការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា និងទី២-ការរៀបចំការប្រកួតកីឡាចំនួន ២ប្រភេទរួមមានកីឡាទេសចក្រយាន និងរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រ។
ជាមួយការយកតំបន់បេតិកភណ្ឌពិភពលោក ដើម្បីរៀបចំកម្មវិធីសំខាន់ៗនេះមិនមែនជារឿងចៃដន្យនោះទេ តែជាការអនុវត្តតាមគោលការណ៍អន្ដរជាតិជាមួយហេដ្ឋារចនាសម្ព័ន្ធស្រាប់ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរ ក៏ដូចជាការរៀបចំ និងកសាងបន្ថែមរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ឯកឧត្តមបានគូសបញ្ជាក់ថា ការយកតំបន់អង្គរដែលជាកន្លែងដ៏ស័ក្ដិសិទ្ធិ សម្រាប់រៀបចំពិធីសុំភ្លើងព្រះអគ្គីកីឡាគឺជារឿងដ៏ត្រឹមត្រូវមួយ។ ចំណែកការប្រកួតកីឡាមួយចំនួនក៏មិនខុសគ្នាដែរ ដ្បិតដូនតាខ្មែរបានបន្សល់នូវវង់តូចចម្ងាយ ២១គីឡូម៉ែត្រ និងវង់ធំចម្ងាយ ៤២គីឡូម៉ែត្រ ដែលអាចរៀបចំការប្រកួតបានងាយស្រួល ទាំងវិញ្ញាសារត់ម៉ារ៉ាតុង និងប្រកួតកង់គួក។ រីឯកង់ភ្នំក៏នឹងរៀបចំនូវតំបន់ប្រវត្តិសាស្ដ្រភ្នំគូលែនដែរ។
ម្យ៉ាងវិញទៀតការរៀបចំព្រឹត្តិការណ៍កីឡា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍គឺជាតួនាទីដ៏សំខាន់របស់ម្ចាស់ផ្ទះ ដើម្បីបង្ហាញពីលក្ខណៈសម្បត្តិ សក្ដានុពលវប្បធម៌ សេដ្ឋកិច្ច ទំនៀមទម្លាប់ និងអ្វីៗដែលជាអត្តសញ្ញាណជាតិឲ្យពិភពលោកបានឃើញ និងបានស្គាល់ ក្រោមស្មារតីខ្មែរតែមួយ ក្នុងការការពារ និងថែរក្សានូវរតនសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន។ សូមបញ្ជាក់ថា ក្រៅពីខេត្តសៀមរាប ដែលប្រជុំដោយប្រាសាទបុរាណ កម្ពុជានឹងមានរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅរាជធានី-ខេត្ត ៤ផ្សេងទៀត រួមមានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងរាជធានីភ្នំពេញដែលប្រជុំការប្រកួតកីឡាដ៏ច្រើន ពិសេសនៅពហុកីឡដ្ឋានជាតិ និងពហុកីឡដ្ឋានជាតិមរតកតេជោតែម្ដង។ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ កម្ពុជានៅសល់ពេល ៨៤ថ្ងៃទៀតប៉ុណ្ណោះដើម្បីរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំ៕
អត្ថបទ៖ លី ឈុនឡា