បាល់ទាត់៖ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo បានស៊ុតបញ្ចូលទី ៤គ្រាប់ម្នាក់ឯងក្នុងជ័យជំនះរបស់ Al Nassr នៅទឹកដី Al Wehda ៤-០ យប់មិញនេះក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League។

កីឡាករវ័យ ៣៨ឆ្នាំរូបនេះរកបានពីរគ្រាប់ក្នុងវគ្គទី១ នៅនាទីទី២១ និង ៤០ ខណៈពីរគ្រាប់ទៀតនៅវគ្គទី២ នាទីទី៥៣ ដោយបាល់ពិន័យ ១១ម៉ែត្រ និងគ្រាប់ចុងក្រោយនាទីទី៦១។ ម្ចាស់ជ័យលាភី Ballon d’Or ៥លើករូបនេះបានផ្លាស់មកកាន់ Al Nassr ពី Manchester United ដោយទទួលបានប្រាក់ឈ្នួលក្នុងមួយឆ្នាំប្រមាណ ២០០លានដុល្លារអាមេរិក។ Ronaldo ផ្លាស់មកកាន់ក្លិបថ្មីតែ ៣ប្រកួតដំបូងក៏មានការលំបាកក្នុងការរកគ្រាប់បាល់ដែរ ពោលគឺរកបានត្រឹម ១គ្រាប់ដោយបាល់ពិន័យ ១១ម៉ែត្រទៅទៀត។ នេះជាគ្រាប់ទី៥០៣ សម្រាប់ Cristiano Ronaldo ជាមួយក្លិបអាជីពចំនួន ៥ នៅលីគបាល់ទាត់ ៥ផ្សេងគ្នាផងដែរ។

Ronaldo បានស៊ុតបញ្ចូលទីសរុបឱ្យ Manchester United ១០៣គ្រាប់ក្នុងអាជីពចំនួន ២លើកនៅទឹកដីអង់គ្លេស ខណៈរកបាន ៣១១គ្រាប់ឱ្យ Real Madrid, ៨១គ្រាប់ឱ្យ Juventus និង ៣គ្រាប់ឱ្យក្លិបដំបូង Sporting Lisbon នៅព័រទុយហ្កាល់។ ជ័យជំនះរបស់ Al Nassr ក៏បានធានាឱ្យក្រុមរបស់លោក Rudi Garcia ត្រលប់មកកាន់កំពូលតារាងវិញស្មើពិន្ទុជាមួយក្រុមលេខ២ Al Shabab តែនៅសល់មួយប្រកួតនៅក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ