ភ្នំពេញ៖ ប្រទេសកម្ពុជាបានសម្រេចត្រៀមកងកម្លាំងចំនួនប្រមាណជាង ១៥ ០០០នាក់ ដើម្បី ការពារសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី២៣ និងកីឡាជនពិការ (ASEAN Para Games) លើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់ត្រឹមតែ ៨៤ថ្ងៃទៀតនោះ ។
ក្នុងកិច្ចប្រជុំបង្ហាញរបាយការណ៍សង្ខេបស្តីពី ផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍ថា ក្នុងពិធីប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី២៣ និងកីឡាជនពិការ ASEAN Para Games លើកទី១២ ត្រូវធានាដាច់ខាតសុវត្ថិភាព និងសណ្ដាប់ធ្នាប់សន្ដិសុខ សម្រាប់ព្រឹត្តិការណ៍កីឡា ដើម្បីលើកកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ ។
នាយឧត្តមសេនីយ៍ បានបន្ដថា ចំពោះកងកម្លាំងការពារវិញ មានផែនដូចជា ផែនសន្ដិសុខ ផែនបង្ក្រាបបទល្មើស ផែនសណ្ដាប់ធ្នាប់ និងចរាចរណ៍ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៥ ៧០០នាក់ ស្មើនឹង១៥អង្គភាព ដោយកងកម្លាំងអន្ដរាគមន៍ជាង៤ពាន់នាក់ផងដែរ ។
ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជា រៀបចំធ្វើជាម្ចាស់ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានបញ្ចប់ដោយរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីចុងឆ្នាំ២០២២ ។
សម្ដេច បានណែនាំអាជ្ញាធរគ្រប់ប្រភេទ ត្រូវខិតខំប្រឹងប្រែងការពារ ឱ្យបានដាច់ខាត់នូវសុវត្ថិភាព សម្រាប់ការប្រកួតទាំងមូល ដូចជា ការពារកីឡាករ-កីឡាការិនី ព្រមទាំងពលរដ្ឋជាដើម ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡានេះ ទទួលបានជោគជ័យ ។
លើសពីនេះ សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការពង្រឹងច្រកចេញ-ចូល ទាំងផ្លូវអាកាស និងផ្លូវគោក ឱ្យបានម៉តចត់ និងត្រឹមត្រូវបំផុត ព្រោះមានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចេញ-ចូលច្រើនមកកាន់កម្ពុជា ដោយគោលដៅសំខាន់ គឺការពារព្រឹត្តិការណ៍នេះ ឱ្យបានល្អ និងទទួលបានជោគជ័យ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជា ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតមកកាន់កម្ពុជា ៕អត្ថបទ បាន សុខរិទ្ធិ








