បាល់ទាត់៖ បញ្ហារបួសរបស់ក្រុមបារាំង Paris Saint Germain នៅតំបន់ប្រយុទ្ធកាន់តែអាក្រក់ បន្ទាប់ពីខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi កំពុងមានបញ្ហាសរសៃពួរ និងមិនទាន់ច្បាស់ថា អាចចូលលេងបានរឺអត់នៅពេលជួប Bayern Munich ជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ពាក់កណ្តាលសប្តាហ៍ក្រោយនេះ។

ក្រុមជើងឯកបារាំងមួយនេះក៏កំពុងប្រឈមនឹងអវត្តមានខ្សែប្រយុទ្ធបារាំង Kylian Mbappe ម្នាក់ទៅហើយដែលមានរបួសភ្លៅ។ ចំណែករបួសរបស់ Messi ត្រូវបានគេដឹងបានកើតឡើងអំឡុងការប្រកួតដែល PSG ចាញ់នៅទឹកដី Marseille ធ្លាក់ពីពានរង្វាន់ Coupe de France កាលពីថ្ងៃពុធ។ សារព័ត៌មានបារាំង L’Equipe ក៏បានចុះផ្សាយដែរថា Messi នឹងអវត្តមានពីការប្រកួតរបស់ PSG ទល់នឹង Monaco ចុងសប្តាហ៍នេះផងដែរ។ Paris Saint Germain នឹងទទួលស្វាគមន៍ Bayern Munich នៅទីក្រុងប៉ារីសនៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ មុនពេលត្រលប់ទៅទឹកដីអាល្លឺម៉ង់វិញថ្ងៃទី៨ ខែមីនា៕
អត្ថបទ៖នាង សុភាវុធ