ទួរគី៖ ការរញ្ជួយដីដ៏ធំចំនួន ២លើកក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះកាលពីថ្ងៃចន្ទ បានបំផ្លាញទីក្រុង និងទីប្រជុំជននានានៅទូទាំងតំបន់ភាគខាងត្បូងប្រទេសទួរគី និងភាគពាយព្យប្រទេសស៊ីរី ដែលបានក្លាយជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងសតវត្សរ៍នេះ ដោយមានចំនួនអ្នកស្លាប់ច្រើនជាង ២ម៉ឺននាក់។
នៅក្នុងខេត្ត Pazarcik អ្នករស់រានមានជីវិតពីការរញ្ជួយដី បានចាប់ផ្តើមបញ្ចុះសាកសពសាច់ញាតិរបស់ពួកគេ ដែលបានស្លាប់រយៈពេលបួនថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយ។ វីដេអូបង្ហាញមនុស្សជាច្រើននាក់កំពុងយំ និងបួងសួងនៅជិតជួរនៃផ្នូរដែលទើបជីកថ្មីសម្រាប់ជនរងគ្រោះដោយរញ្ជួយដី។
អ្នកនៅរស់រានមានជីវិតពីរញ្ជួយដីដែលកំពុងរង់ចាំលាសាច់ញាតិនិយាយថា វាជាថ្ងៃប្រល័យលោក។ ភាពត្រជាក់ ភាពឃ្លាន និងភាពអស់សង្ឃឹមបានកើតឡើង សម្រាប់មនុស្សរាប់សែននាក់ដែលបានបាត់បង់លំនៅឋាន ដោយសារការរញ្ជួយដីនៅក្នុងប្រទេសទួរគី និងស៊ីរី ខណៈក្តីសង្ឃឹមបានរសាត់ទៅ ហើយមនុស្សជាច្រើនទៀតត្រូវបានមើលឃើញរស់នៅក្នុងទីក្រុងបាក់បែក៕
អត្ថបទ៖ ប៊ុនថន