កូរ៉េខាងជើង៖ ទូរទស្សន៍រដ្ឋ KRT របស់កូរ៉េខាងជើងបានបង្ហាញពីរូបភាពវីដេអូ ដែលត្រូវបានកាត់តរួចនៃសកម្មភាពហ្វឹកហាត់នៅក្នុងទីតាំងផ្សេងៗគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ឆ្នាំនៃការបង្កើតកងទ័ពរបស់កូរ៉េខាងជើង។
វីដេអូដែលត្រូវបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញពីប្រភេទកងទ័ពក្នុងឯកសណ្ឋានយោធាកំពុងហ្វឹកហាត់ និងក្បួនព្យុហយាត្រា។ វីដេអូនេះបានបង្ហាញពីកងទ័ពកំពុងប្រើកម្លាំងផ្ដាច់ច្រវាក់ កាប់ផ្ទាំងទឹកកកដោយប្រើដៃទទេ និងលោតចូលក្នុងអាងទឹកត្រជាក់។ វីដេអូនេះត្រូវបានបញ្ចេញ ខណៈទូរទស្សន៍រដ្ឋបានបង្ហាញពីក្បួនព្យុហយាត្រាយោធាដ៏ធំ ជាទីដែលកូរ៉េខាងជើងបានដាក់បង្ហាញអំណាចនៃការផលិតមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។
ក្បួនព្យុហយាត្រាកាលពីថ្ងៃពុធបានបង្ហាញពីមីស៊ីលអន្តរទ្វីប Hwasong-17 ចំនួន ១១គ្រាប់ជាប្រភេទមីស៊ីល ICBM ដ៏ធំបំផុតរបស់កូរ៉េខាងជើង ដែលគេសង្ស័យថា វាអាចវាយប្រហារស្ទើរតែគ្រប់ទីកន្លែងជុំវិញពិភពលោក ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានទៀតផង៕
អត្ថបទ៖ សុខមាន