ឧត្តរមានជ័យ៖ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ដែលមានបញ្ហាជំងឺភ្នែក ផ្នែកបកបាយ កន្ទុយថ្លែន ត្រូវរួសរាន់មកពិនិត្យទទួលសេវាការព្យាបាលឱ្យបានគ្រប់ៗគ្នា នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៦មិនា ដល់ថ្ងៃទី១០មិនា ឆ្នាំ២០២៣ ខាងមុខ ។
ជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ផ្នែកសុខភាពលើបញ្ហាប្រឈមនានាពិសេសនោះជំងឺសុខភាពភ្នែកគឺជាជំងឺមួយយ៉ាងសំខាន់ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលត្រូវតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសុខភាពរបស់បងប្អូន ។
ក្នុងនោះក្រុមការងារគ្រូពេទ្យកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាលបានសហការជាមួយក្រុមគ្រូពេទ្យសុខភាពភ្នែករបស់ខេត្ត និងមានគាំទ្រគម្រោងពីអង្កការEye care fundationដើម្បីរៀបចំការពិនិត្យ និងវះកាត់ភ្នែកនេះឡើងជូនដល់ប្រជាពលរដ្ឋទូទៅដែលមានបញ្ហាជំងឺទាំងអស់នេះដោយឥតគិតថ្លៃ ដើម្បីជួយសង្រ្គោះដល់អាយុជីវិតរបស់បងប្អូនឲ្យមានភាពល្អប្រសើរ។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា បញ្ហាសុខភាពភ្នែកគឺជាកត្ដាមួយដ៏សំខាន់ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសមើលរំលងចំពោះបញ្ហាសុខភាពរបស់បងប្អូននោះទេ គឺត្រូវមកទទួលការពិនិត្យព្យាបាលសុខភាពរបស់បងប្អូនឱ្យបានគ្រប់ៗគ្នាទៅតាមការកំណត់ពេលវេលារបស់ក្រុមគ្រូពេទ្យ៕ អត្ថបទ៖ ឃិន សារិទ្ធ





