បាល់ទាត់៖ ការប្រកួតក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga កាន់តែតានតឹងនៅពេលឈានដល់សប្តាហ៍ទី៣៣ នេះដោយក្រុមកំពូលតារាងដល់ក្រុមលេខ៣ គំលាតគ្នាតែ ២ពិន្ទុ។ ក្រុមកំពូលតារាង Atletico Madrid បានបាត់បង់ ៣ពិន្ទុក្នុងសប្តាហ៍ទី៣៣ នេះបន្ទាប់ពីបរាជ័យនៅទឹកដី Athletic Bilbao ២-១។

Alex Berenguer បើកការនាំមុខអោយម្ចាស់ផ្ទះ Bilbao មុនពេល Stefan Savic តាមស្មើវិញនៅនាទីទី៧៧។ Inigo Martinez ជាអ្នកស៊ុតសំរេចគ្រាប់បាល់ជ័យជំនះអោយ Bilbao នៅនាទីទី៨៦ សម្លាប់ទឹកចិត្តលោក Diego Simeone។ បរាជ័យនេះធ្វើអោយ Atletico Madrid ដាច់គេជាង ១០ពិន្ទុកាលពីខែមករាធ្លាក់មកនាំមុខគេត្រឹម ២ពិន្ទុនៅសប្តាហ៍ទី៣៣ នេះ។ Barcelona រកបាន ៣ពិន្ទុដ៏មានសារៈសំខាន់ក្រោយជ័យជំនះនៅទឹកដី Villarreal ២-១។ ក្រុមម្ចាស់ផ្ទះនាំមុខមុននៅនាទីទី២៦ ដោយ Samuel Chukwueze តែបានតែ ២នាទី Barcelona តាមស្មើវិញ ដោយ Antoine Griezmann ហើយក្នុងវគ្គទី១ ដដែលខ្សែប្រយុទ្ធបារាំងរូបនេះរកបានគ្រាប់ជ័យជំនះនៅនាទីទី៣៥ ឲ្យ Barcelona មុនពេលដែល Villarreal សល់គ្នាតែ ១០នាក់វគ្គទី២ បន្ទាប់ពី Manu Trigueros ត្រូវបានបណ្តេញចេញ។

៣ពិន្ទុនេះថ្វីត្បិតតែ Barcelona នៅតែឈរលេខ៣ ដដែល តែកំពុងស្មើពិន្ទុជាមួយក្រុមលេខ២ Real Madrid មាន ៧១ពិន្ទុដូចគ្នាតែដេញពីក្រោយ Atletico Madrid តែ ២ពិន្ទុប៉ុណ្ណោះ ហើយក្រុមរបស់លោក Ronald Koeman នៅសល់ ១ប្រកួតក្នុងដៃមានន័យថា ជ័យជំនះនឹងធ្វើឲ្យ Barcelona ឡើងកំពូលតារាងវិញ។ Real Madrid កាលពីថ្ងៃសៅរ៍បានខកខាន ៣ពិន្ទុក្នុងទឹកដីខ្លួនឯងក្រោយស្មើ ០-០ ទល់នឹង Real Betis៕
អត្ថបទ៖នាង សុភាវុធ