ភ្នំពេញ៖ ឯកឧត្តម ហេង សួរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់បន្តយកចិត្តទុកដាក់ការពារនូវសិទ្ធ សេចក្តីថ្លៃថ្នូរ និងអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសឱ្យបានល្អប្រសើរ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងកាសបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដល់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ឯកឧត្តម ហេង សួរ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលជាសមាជិក សមាជិកា របស់ ស.ស.យ.ក. ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ ជាពិសេសការចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិតទូទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព ជាមួយគ្នានេះ ក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ និងកងកម្លាំងសមត្ថកិច្ច ដែលបានចុះជួយផ្ទាល់នៅមូលដ្ឋាននាពេលកន្លងមកផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់កណ្តាល ថ្នាក់រាជធានីភ្នំពេញ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម ក្នុងការអនុវត្តនូវសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩, សកម្មភាពមនុស្សធម៌, ការអនុវត្តគម្រោង “I Care You” ដែលជាគម្រោងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យផ្ទាល់ និងសកម្មភាពផ្សេងៗទៀត ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត ហើយលទ្ធផលនេះពិតជាបានចូលរួមឆ្លើយតបទៅនឹងសកម្មភាពជាយុទ្ធសាស្រ្ត និងគោលបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
សូមបញ្ជាក់ថា ក្រៅពីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា អង្គប្រជុំ ក៏បានបូកសរុបលទ្ធផលការងារកន្លងមកដល់ឆ្នាំ២០២២ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២៣ ឱ្យស្របទៅនឹងផែនការសកម្មភាព និងទិសដៅការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា៕អត្ថបទ៖ ឈិត បូរ៉ាវី




