ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩កុម្ភៈ ទីក្រុងប៉េកាំងបានថ្កោលទោសការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលថាលោក Xi Jinping ប្រឈមនឹងបញ្ហាជាច្រើន ដោយនិយាយថាគឺជាការអត្ថាធិប្បាយគ្មានការទទួលខុសត្រូវ។
សង្គ្រាមវោហារសាស្ត្រចុងក្រោយរវាងសហរដ្ឋអាមេរិក និងប្រទេសចិនពេលនេះបានកើតមានឡើង បន្ទាប់ពីការបាញ់ទម្លាក់បាឡុងរបស់ចិនកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ជាផ្នែកមួយនៃកងបាឡុងចារកម្មដែលបានប្រើប្រាស់ពង្រីកទៅដល់ទ្វីបទាំង៥។ ប្រទេសចិនក៏បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា ខ្លួនបានច្រានចោលសំណើសន្ទនាតាមទូរស័ព្ទជាមួយប្រមុខការពារជាតិអាមេរិក ដោយសារតែសេចក្ដីសម្រេចចិត្តគ្មានការទទួលខុសត្រូវរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបាញ់ទម្លាក់បាឡុងដែលចោទប្រកាន់ថាជាបាឡុងចារកម្មកាលពីសប្ដាហ៍មុន។
ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការប្រើប្រាស់មធ្យោបាយដ៏ឆ្គាំឆ្គងដែលគ្មានការទទួលខុសត្រូវ និងធ្ងន់ធ្ងរពីសហរដ្ឋអាមេរិកបែបនេះ ពុំបានបង្កើតបរិយាកាសត្រឹមត្រូវសម្រាប់ការសន្ទនា និងការផ្លាស់ប្ដូរយោបល់រវាងយោធាទាំង២ ឡើយ។ ក្រោយទទួលបានភាពកក់ក្ដៅមួយរយៈខ្លី បន្ទាប់ពីកិច្ចប្រជុំ G20 កាលពីខែវិច្ឆិកានៅប្រទេសឥណ្ឌូនេស៊ី រវាងលោក Biden និងលោក Xi ទំនាក់ទំនងចិន-អាមេរិកបានធ្លាក់ចុះជាថ្មី ហើយប្រមុខការទូតអាមេរិកលោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន ដោយសារតែជម្លោះជុំវិញការបាញ់ទម្លាក់បាឡុងនេះ៕
អត្ថបទ៖ សុខមាន