កូរ៉េខាងជើង៖ ដោយទទួលទានអាហារ ភេសជ្ជៈ ការមើលក្បួនព្យុហយាត្រាមីស៊ីលជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ស្ថិតនៅកណ្តាលវេទិកាជាមួយឪពុក និងម្តាយរបស់នាងនៅក្នុងព្រឹត្តិការណ៍យោធាធំក្នុងសប្តាហ៍នេះ។

វត្តមានរបស់កូនស្រីលោក Kim បានបន្ថែមទៅលើការរំពឹងទុកថា នាងអាចស្ថិតក្នុងជួរសម្រាប់តំណែងជាអ្នកដឹកនាំម្នាក់ ទំនងជាតំណែងការងារកំពូលនៅក្នុងរបបផ្តាច់ការតាមតំណត្រកូល របស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។ នាងបានបង្ហាញខ្លួនកាលពីថ្ងៃពុធជាមួយលោក Kim ក្នុងក្បួនព្យុហយាត្រាយោធាដ៏ធំ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញការដើរជាមួយលោក Kim និងម្តាយរបស់នាង Ri Sol Ju នៅមុខមេបញ្ជាការយោធា ដោយទទួលទានភេសជ្ជៈទឹកផ្លែឈើ និងនិយាយខ្សឹបគ្នាទៅវិញទៅមក ខណៈមើលព្រឹត្តិការណ៍។ វីដេអូពីទូរទស្សន៍រដ្ឋ KRT បានបង្ហាញកូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un អង្អែលមុខលោក អំឡុងពេលព្យុហយាត្រាយោធាកាលពីថ្ងៃពុធ។
កូនស្រីរបស់លោក Kim មិនត្រូវបានបង្ហាញឈ្មោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋនោះទេ ចាប់តាំងពីនាងបានបង្ហាញខ្លួនជាលើកដំបូងក្នុងពេលចូលរួមការបាញ់មីស៊ីលជាមួយលោក Kim កាលពីឆ្នាំមុន ប៉ុន្តែក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូងជឿថា នាងគឺជាកូនស្រីដែលត្រូវបានបញ្ជាក់ឈ្មោះថា ជូអេ (Ju Ae) ដោយអតីតកីឡាករបាល់បោះអាមេរិកម្នាក់លោក Dennis Rodman ដែលបាននៅជាមួយគ្រួសារលោក Kim ក្នុងឆ្នាំ២០១៣៕
អត្ថបទ៖ ប៊ុនថន