
អន្ដរជាតិ៖ ប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃសុក្រនេះថា ក្រុមមេដឹកនាំសហភាពអឺរ៉ុប បានឯកភាពគ្នាថា ពួកគេនឹងរឹតបន្តឹងព្រំដែន ដើម្បីទប់ស្កាត់លំហូរចូលជនអន្តោប្រវេសន៍។
បញ្ហាអន្តោប្រវេសន៍ បានក្លាយជាប្រធានបទដ៏រសើបមួយនៅសហភាពអឺរ៉ុប ចាប់តាំងពីឆ្នាំ២០១៥ ពេលដែលជនអន្តោប្រវេសន៍ជាង ១លាននាក់ ដែលភាគច្រើនរត់ភៀសខ្លួនចេញពីសង្រ្គាមនៅស៊ីរី បានឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចូលទៅកាន់អឺរ៉ុប ហើយរដ្ឋនៅក្នុងប្លុកមួយនេះ មានការខែ្វងគំនិតគ្នាចំពោះការទទួលចំនួនជនអន្តោប្រវេសន៍។
ដោយសារតែមិនឯកភាពគ្នាលើបញ្ហាមួយនេះ សហភាពអឺរ៉ុបដែលមានពលរដ្ឋប្រហែល ៤៥០លាននាក់ បានងាកមករកការរឹតបន្តឹងព្រំដែនរបស់ខ្លួន ដើម្បីការារាំងជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ពីការចូលក្នុងប្រទេសរបស់ពួកគេ ថ្វីត្បិតតែរងការរិះគន់លើគោលនយោបាអសមនុស្សធម៌បែបនេះក៏ដោយ៕
