ភ្នំពេញ៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង បានប្រកាសបន្តផ្តល់ជំនួយឥតសំណង ៣០០លានយ័ន ដល់កម្ពុជា សម្រាប់គម្រោងផ្លូវដែកកម្ពុជា។
ឯកឧត្តម ស៊ី ជិនពីង បានប្រកាសបន្តផ្ដល់ជំនួយដល់កម្ពុជាលើគម្រោងផ្លូវដែកបែបនេះ តាមរយៈដំណើរបំពេញទស្សកចិ្ចផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។
សម្តេចតេជោ ក៏បានអបអរសាទរចំពោះការអញ្ជើញនេះ។ សម្តេចតេជោបានមានប្រសសាន៍ថា កាលដែលសម្តេចអញ្ជើញមកកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដយ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិតមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀតសម្តេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិននៅពេលជួបគ្រាលំបាក។
ក្នុងជំនួបនេះ មេដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ជាមួយគ្នាទៅវិញទៅមកផងដែរ។
ឯកឧត្តម ស៊ី ជីនពីង មានប្រសាសន៍ បានកោតសរសើរចំពោះស្នាដៃរបស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះមិត្តចិនដែលបានចូលរួមធានាឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធានាធិបតីចិនបានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា «បើខ្ញុំមិនពឹងចិនទេ តើឱ្យខ្ញុំទៅពឹងអ្នកណា»។ ក្នុងឱកាសនេះ ឯកឧត្តម ស៊ី ជិនពីង ក៏បានប្រកាសឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
តាមរយៈជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរដែលបានចំណាយពេលប្រមាណ ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕ អត្ថបទៈ មុត សុទ្ធ