
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម អាន សុខខឿន បានឱ្យដឹងនៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្នុងបរិបទនៃគ្រោះរញ្ជួយដីនៅប្រទេសតួកគី គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋទួរគី បានរាយការណ៍ថា ពុំមានពលរដ្ឋខ្មែរណាម្នាក់បានស្លាប់ ឬរងគ្រោះ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសតួកគីទេ។
ឯកឧត្តម អាន សុខខឿន បានបញ្ជាក់ថា តាមការស្រាវជ្រាវនិងសម្របសម្រួលរបស់ស្ថានទូត មាននិស្សិតខ្មែរចំនួន ២ រូប ដែលសិក្សានៅក្នុងខេត្ត Adana នៃតំបន់មានគ្រោះរញ្ជួយដី ប៉ុន្តែពួកគាត់មានសុវត្ថិភាពធម្មតា និងបានជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។
ឯកឧត្ដមថ្លែងថា៖«នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ និស្សិតទាំង ២ រូប ក៏បានមកដល់ស្ថានទូតកម្ពុជាហើយបានទទួលការជួយឧបត្ថម្ភចាំបាច់ រួមទាំងទីតាំងស្នាក់បណ្តោះអាសន្ននៅរដ្ឋធានីអង់ការ៉ាដែរ»។
ឯកឧត្ដមបញ្ជាក់ថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំ ជាមួយអាជា្ញធរមានសមត្ថកិច្ចតួកគីនៅមូលដ្ឋាន ព្រមទាំងនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទសតួកគី ជាបន្តទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា






