បាល់ទាត់៖ អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United រាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Old Trafford ចុងសប្តាហ៍កន្លងទៅ ប្រឆាំងនឹងម្ចាស់ក្លិបក្រុមគ្រួសារ Glazer ដែលយកក្លិបទៅពាក់ព័ន្ធនឹងរឿង European Super League។

Manchester United ជាក្លិបមួយក្នុងចំណោម ១២ ដែលជាសមាជិកអចិន្ត្រៃយ៍នៃការរៀបចំការប្រកួត European Super League មុនពេលប្រកាសដកខ្លួនវិញកាលពីថ្ងៃអង្គារ។ បាតុកម្មនៅខាងក្រៅកីឡដ្ឋាន Old Trafford នេះគឺចង់ឲ្យម្ចាស់ក្លិបដែលជាក្រុមគ្រួសារអាមេរិកត្រកូល Glazer ដកការវិនិយោគចេញ។ មិនខុសគ្នាឡើយ អ្នកគាំទ្រក្រុមតោខៀវ Chelsea, Liverpool និងកាំភ្លើងធំ Arsenal ក៏បានធ្វើបាតុកម្មប្រឆាំងតវ៉ានឹងម្ចាស់ក្លិបរបស់ខ្លួនដែរ ចំពោះរឿង European Super League។ កាលពីថ្ងៃពុធ Manchester United ក៏បានចេញលិខិតសុំទោសអ្នកគាំទ្រជាសាធារណៈដែរ តែរឿងនេះមិនចប់ត្រឹមនេះឡើយ៕
អត្ថបទ៖នាង សុភាវុធ