
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់វគ្គបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារទូទាំងប្រទេស ដែលបច្ចុប្បន្នក្រសួងមានគ្រឹះស្ថានសិក្សាចំនួន៣៧ ដើម្បីជួយសម្រួលការងារជូនដល់អង្គភាពមួយផ្នែក និងប្រយោជន៍ជុំវិញសហគមន៍របស់ខ្លួនបានមួយកម្រិត។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ បានសម្តែងការអបអរសាទរ និងកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំរៀនសូត្រ ទទួលបាននូវជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
ទន្ទឹមនេះ ឯកឧត្តម បានបន្តថា ដោយមើលឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាពសម្ព័ន្ធមេត្រីភាពដល់បណ្តាអង្គភាពកងទ័ពប្រកបដោយជោគជ័យក៏ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់យោធិនរបស់យើង ក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយនានា។
ដោយឡែក ការផ្តល់ជំនាញបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនេះទៀតសោត ជាចំណេះជំនាញដ៏វិសេសវិសាលមួយ ដែលអាចឱ្យពួកគាត់ទទួលបានផលយូរអង្វែងនិងមាននិរន្តភាព សម្រាប់ជួយដល់អង្គភាពខ្លួនគាត់ផង និងក៏អាចយកទៅបំរើប្រជាពលរដ្ឋនៅជុំវិញអង្គភាពរបស់គាត់បានមួយចំណែកផងដែរ។
ឯកឧត្តម ហេង សួរ បញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ព ដើម្បីចូលរួមអនុវត្តជាដំណាក់ៗឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត។
ក្រៅពីវគ្គបណ្តុះបណ្តាល ដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព តាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងកងអង្គភាព និងសហគមន៍របស់ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី




