
ភ្នំពេញ៖ កម្លាំងទ័ពមួកខៀវកម្ពុជាម្នាក់ បានរងពលីជីវិត នៅក្នុងតំបន់បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិUN នៅក្នុងតំបន់តេសសាលីត ប្រទេសម៉ាលី។
បើតាមនាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែកុម្ភៈនេះថា លោកវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត បំរើការជាមេបញ្ជាការរងកងអនុសេនាធំវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ប្រចាំតំបន់តេសាលីត បានរងពលីជីវិតនៅវេលាម៉ោង ១០និង១៥នាទី ម៉ោងយប់នៅប្រទេសម៉ាលីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាក្នុងវ័យ ៤២ឆ្នាំ ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងថា តាមការធ្វើរោគវិនិច្ឆ័យបឋមរបស់ក្រុមពេទ្យ បានឲ្យដឹងថា ការពលីជីវិតនោះ គឺបណ្តាលមកពីបញ្ហាសួត ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាជំងឺប្រចាំកាយរបស់គាត់ ហើយការធ្វើតេស្ត គឺមិនមានរោគសញ្ញាមេរោគកូវីដ-១៩នោះទេ។
ឯកឧត្តម បន្តថា នៅពេលនេះ ក្រុមពេទ្យUN បាននិងកំពុងធ្វើការស៊ើបអង្កេត និងធ្វើកោសល្យវិនីច្ឆ័យរកមូលហេតុនៃការរងពលីនោះពិតប្រាកដ ដើម្បីបញ្ជូនទៅទីបញ្ហាធំ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិច ហើយប្រសិនបើ ការទទួលមរណៈភាពនោះស្ថិតក្នុងនៅលក្ខខណ្ឌរបស់UN គឺភាគីUNអាចនឹងផ្តល់សំណងជាថវិកាជូនគ្រួសារសពប្រមាណ ៧ម៉ឺនដុល្លាអាមេរិចផងដែរ។
យ៉ាងណាក៏ដោយ នៅក្នុងអំឡុងពេលនេះ សពវរៈសេនីយទោ ភឿក ជីវ័ន្ត បាននិងកំពុងធ្វើពិធីសាសនាផងដែរនៅក្នុងតំបន់បេសកកម្មតេសាលីតប្រទេសម៉ាលី ហើយនៅពេលនេះដែរ ឯកឧត្តម សែម សុវណ្ណនី ក៏នៅមិនទាន់ដឹងថាតើសពនឹងបញ្ជូនមកដល់កម្ពុជា នៅពេលណានោះដែរ។
ឯកឧត្តម បន្តថា ដោយឡែកនៅកេហដ្ឋានគ្រួសារសពវរៈសេនីយ៍ទោ ភឿក ជីវ័ន្ត ក៏បាននិងកំពុងធ្វើពិធីបុណ្យសព ដោយមានថ្នាក់ដឹកនាំ សាច់ញ្ញាតិចូលរួមរំលែកទុក្ខ និងរងចាំទទួលសពមកពីប្រទេសម៉ាលីផងដែរ៕ អត្ថបទ: ស៊ុម សុខជា





