ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសាធារណៈនៅមុននេះបន្តិចថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុVODមិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិការជាតិ សម្តេចសូមចែករំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយជារួម និងនិយាយដោយឡែកលើការផ្តល់ជំនួយចំពោះប្រទេសតួកគី។
សម្តេចតេជោបន្តថា ច្បាប់ និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការសម្រាប់ដឹកនាំ អនុវត្តឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន។
សម្រាប់ជំនួយទៅប្រទេសតួកគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃទី ៨ កុម្ភៈ ម៉ោង6.56នាទី។ ខ្ញុំឲ្យប្រកាស ១០មុឺនដុល្លារម៉ោង 7.12នាទី និងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃទី ៨កុម្ភៈ ២០២៣ ដូចគ្នា។
សម្តេចបានចោទជាសំនួរថា តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? សម្តេចទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោងដោ យសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុនម៉ាណែត ផង។
សម្តេចបញ្ជាអោយក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាល ត្រូវត្រៀមពាក្យបណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់អ្នកដទៃ)។ មិត្តភក្តិបរទេស ឬសង្គមសុីវិល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ និងអង្គច្បាប់។
ចុងក្រោយសម្តេចសូមរំលឹកនូវពាក្យដាស់តឿនរបស់សម្តេច សម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣កន្លងទៅគឺ (អ្នកសារព័ត៌មានកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត) ៕


