បាល់ទាត់៖ ក្រុមការពារតំណែងជើងឯកក្របខណ្ឌកំពូលបារាំង Ligue 1, Paris Saint Germain បានយកឈ្នះនៅទឹកដី Metz ៣-១ បន្តក្តីសង្ឃឹមក្នុងការការពារតំណែងជើងឯក តែអ្វីដែលជាក្តីបារម្ភនោះគឺ Kylian Mbappe របួស ខណៈ PSG នឹងត្រូវជួប Manchester City វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League យប់ថ្ងៃពុធនេះ។

កីឡាករវ័យ ២២ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ២គ្រាប់ក្នុងជ័យជំនះនេះនៅនាទីទី៤ និង ៥៩ ខណៈ ១គ្រាប់ទៀតធ្វើបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi។ ក្រោយស៊ុតបាន ២គ្រាប់នោះ Kylian Mbappe ត្រូវបានផ្លាស់ចេញដោយសាររបួសភ្លៅ។ អ្នកចាត់ការ PSG លោក Mauricio Pochettino សង្ឃឹមថារបួសរបស់ Mbappe នឹងមិនធ្ងន់ធ្ងរឡើយ។ គិតមកដល់ពេលនេះខ្សែប្រយុទ្ធវ័យក្មេងបារាំងរូបនេះរកបាន ២៥គ្រាប់ហើយក្នុងការបង្ហាញខ្លួន ២៩ប្រកួតនៅ Ligue 1 រដូវកាលនេះ និងសរុប ៣៧គ្រាប់គ្រប់ក្របខណ្ឌ។ តែ PSG បច្ចុប្បន្នកំពុងឈរលេខ២ ក្នុងតារាងតាមពីក្រុមកំពូលតារាង Lille ១ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ