កំពង់ចាម៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាមបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដឹកនាំប្រជាពលរដ្ឋយើងឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗ ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យគួរជាទីមោទនបំផុត ដោយភាពជោគជ័យទាំងនោះរួមមាន៖ ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ការបញ្ជាទិញ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋយើងទាំងអស់ដោយមិនប្រកាន់ជាតិ សាសន៍ បានផ្តល់សាច់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះដោយសារជម្ងឺឆ្លងកូវីដ-១៩ រក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវល្បឿនលឿន ស្ពាន ប្រលានយន្តហោះ កំពង់ផែ មន្ទីរពេទ្យ សាលារៀន។ល។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣០០នាក់ ក្នុងពិធីបុណ្យផ្កាសាមគ្គីដង្ហែរចូលវត្តសុវណ្ណគិរី ភ្នំក្រហម នៅវត្តសុវណ្ណគិរី ភ្នំក្រហម ស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពុទ្ធបរិស័ទ សប្បុរសជន គណៈកម្មការអាចារ្យវត្ត និងជាពិសេសក្រុមការងារចុះមូលដ្ឋានភូមិ និងឃុំស្រកទាំងអស់ដែលបានសាមគ្គីគ្នាយ៉ាងល្អរៀបចំពិធីបុណ្យផ្កានេះឡើង ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ផ្នែកពុទ្ធចក្ររបស់យើង។ ចំពោះផ្នែកអាណាចក្រវិញ ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានប្រែក្លាយប្រទេសយើងពីប្រទេសដែលកំសត់ និងក្រីក្រ ហើយនិងទទួលរងនូវវិនាសកម្មដោយភ្លើងសង្រ្គាមផ្ទៃក្នុង មកជាប្រទេសដែលទទួលបានការអភិវឌ្ឍ និងមានធនធានពេញក្នុងដៃ ស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ មានសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងពេញលេញដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋយើងបានរស់នៅជុំគ្រួសារ បងប្អូន កូនចៅយ៉ាងកក់ក្តៅ និងសុខសាន្តក្រោមម្លប់សន្តិភាព។
ដើម្បីបន្តរក្សាការពារនូវការអភិវឌ្ឍ ការរីកចម្រើនថ្មីៗបន្ថែមទៀត ជាពិសេសបន្តទទួលបានសុខសន្តិភាព និងស្ថេរភាពសង្គម ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅឃុំស្រក និងជាពិសេសនៅទូទាំងស្រុកកំពង់សៀម ខេត្តកំពង់ចាមត្រូវបន្តការគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សូមជម្រាបជូនថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលថ្មីៗក្នុងវត្តសុវណ្ណគិរី ភ្នំក្រហមបន្ថែមទៀត ឯកឧត្តម និងក្រុមការងារបានមូលមតិគ្នាជាឯកច្ឆន្ទប្រមូល និងប្រគេនជូនព្រះចៅអធិការវត្តនូវបច្ច័យសរុបចំនួន ៣០លានរៀល ដែលក្នុងនោះបច្ច័យរបស់ឯកឧត្តមផ្ទាល់ចំនួន ១៩,៨លានរៀល និងបច្ច័យរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ៤លានរៀល និងបច្ច័យរបស់សប្បុរសជនចំនួន ៦,២លានរៀលផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលបានចូលរួមចំនួន ៣០០នាក់ គឺម្នាក់ៗទទួលបាន ២០ ០០០រៀល៕









