ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានបញ្ជាក់ថា សម្ដេច បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាបណ្ណវិទ្យុ VOD ត្រឹមម៉ោង១០ ព្រឹកថ្ងៃ ថ្ងៃទី១៣ ខែកុម្ភៈ ស្អែកនេះ ក្នុងករណីមិនបានធ្វើការសូមទោស។
យោងតាមសេចក្ដីទាំងស្រុងនៅលើហ្វេសប៊ុកសម្ដេចតេជោបានបញ្ជាក់ថា “មុននេះបន្តិចខ្ញុំបានឆ្លើយតប ជាមួយឈ្មោះ Min Pov ទាក់ទងដល់វិទ្យុ VOD ដូចមាន ខ្លឹមសារជូនភ្ជាប់មកជាមួយ។
ខ្ញុំកំពុងរង់ចាំចម្លើយពីគាត់វិញ។ ពេលនេះខ្ញុំសម្រេចកាត់បន្ថយពេលវេលា សូមទោសមកនៅត្រឹម ២៤ម៉ោងគឺកំណត់ ត្រឹមម៉ោង10.00នាទីព្រឹកថ្ងៃ១៣កុម្ភៈ ២០២៣វិញ។”
សម្ដេចតេជោបញ្ជាក់ថា “ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទន់វែងឆ្នាំងវែងខ្ញុំបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណបញ្ចប់ការផ្សាយរបស់វិទ្យុ VOD ត្រឹមម៉ោង១០និង០០នាទីថ្ងៃទី១៣ កុម្ភៈ ២០២៣ ស្អែកនេះ ក្នុងករណីដែលពួកគេមិនបានធ្វើការសូមទោស។”
សម្ដេចបានបន្តថា “ដំបៅមិនឈឺកុំយកឈើចាក់។ បើគង់តែពួកគេចោទថា ខ្ញុំប្រើអំណាចខ្ញុំត្រូវតែប្រើអំណាចនេះ ដើម្បីបំពេញបំណងរបស់ពួកគេ។ ស្អែកនេះឯកឧត្តម ប៊ិន ឈិន នឹងត្រូវធ្វើជា នាយករដ្ឋមន្ត្រីស្តីទីត្រូវធ្វើកិច្ចការនេះឲ្យបាន ព្រោះទាំងខ្ញុំសម្តេច ស ខេង ទៀ បាញ់ លោកជំទាវ ម៉ែន សំអន នឹងទស្សនកិច្ចនៅឡាវជាមួយគ្នា"៕


