ចំនួនសរុបអ្នកស្លាប់ពីការរញ្ជួយដីនៅក្នុងប្រទេសទួគី និងប្រទេសស៊ីរីគិតចាប់ពីថ្ងៃច័ន្ទរហូតដល់ព្រឹកថ្ងៃអាទិត្យនេះ បានឡើងដល់ ២៨០០០នាក់។
យោងតាអនុប្រធានាធិបតីទួគី លោកហ្វូអាត អុកតៃ បានអោយដឹងថា ការរញ្ជួយដីនេះបានសំលាប់មនុស្ស ២៤ ៦១៧នាក់នៅ ក្នុងប្រទេសទួគី។ រដ្ឋមន្រ្ដីក្រសួងសុខាភិបាលទួគី លោកហ្វារេទីន កូកាបាននិយាយថា មនុស្ស រងរបួសមានចំនួន ៨០ ២៧៨ នាក់។
យោងតាមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលបានអោយដឹងថា នៅក្នុងប្រទេសស៊ីរី អ្នកស្លាប់មានចំនួន ១ ៤០៨ នាក់ និងអ្នករបួសមាន ២ ៣៤១នាក់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។
ដោយឡែក ក្រុមសង្រ្គោះនៅតំបន់ដែលគ្រប់គ្រងដោយកងទ័ពប្រឆាំងរដ្ឋាភិបាលបានរាយការណ៍ថា អ្នកស្លាប់មានចំនួន ២ ១៦៧នាក់ ហើយអ្នករបួសមានជាង ២ ៩៥០នាក់។ ប៉ុន្ដែចំនួននេះត្រូវគេរំពឹងថាអាចកើនឡើងថែមទៀត។
លោកម៉ាធីន គ្រីហ្វីត អគ្គលេធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួល ជំនួយបន្ទាន់បាននិយាយថា ការរញ្ជួដីដ៏ខ្លាំងនេះ គឺជាព្រឹត្ដិការណ៍ដ៏អាក្រក់បំផុតដែលបានកើតឡើងនៅក្នុងតំបន់ក្នុង ១សតវត្សចុងក្រោយនេះ ហើយលោករំពឹងថា ចំនួនអ្នកស្លាប់អាចកើនឡើងទ្វេរដងខ្ពស់ជាងទិន្នន័យថ្មីៗនេះ។
លោកគ្រីហ្វីតបានអំពាវនាវអោយផ្ដោតការយកចិត្ដទុកដាក់លើជនរងគ្រោះដែលខ្វះស្បៀង និងទីជម្រកនៅក្នុងតំបន់ដែលទទួលរងការរញ្ជួយដី៕ អត្ថបទ៖ មករា

