ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានធ្វើការវាយប្រហារទ្រង់ទ្រាយធំមួយទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាប់ទាក់ទងនឹងឧស្សាហកម្មយោធារបស់អ៊ុយក្រែន។
នៅក្នុងការធ្វើបច្ចុបន្នភាពប្រចាំថ្ងៃ ក្រសួងការពារជាតិមិនផ្ដល់នូវមុខសញ្ញាហេដ្ឋារចនាសម្ព័ន្ធថាមពលណាមួយដែលខ្លួនបានវាយប្រហារចំនោះទេ។
រុស្ស៊ីបាននិយាយថា ការវាយប្រហារនេះ បានរារាំងការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវបរទេសតាមផ្លូវដែកទៅសមរភូមិនានានៅក្នុងប្រទេសអ៊ុយក្រែន។
កងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ីបានបាញ់កាំជ្រួចជាង ១០០ដើម និងការវាយប្រហារពីលើអាកាស ចំនួន១២លើក ហើយនឹងការវាយប្រហារដោយគ្រាប់កាំភ្លើងផ្លោងចំនួន ២០លើក។
អ៊ុយក្រែននិយាយថា កាំជ្រួចរបស់រុស្ស៊ីចំនួន៦១ដើមត្រូវបាញ់កំទេច។
រដ្ឋមន្រ្ដីក្រសួងថាមពលអ៊ុយក្រែនលោក ជើម៉ាន់ ហ្គាលូឆិនកូ បាននិយាយថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុង៦តំបន់ជាមួយនឹងកាំជ្រួច និងយន្ដហោះគ្មានមនុស្សបើក ឬដ្រូនដែលបង្កអោយដាច់ភ្លើងនៅទូទាំងប្រទេស៕ អត្ថបទ៖ មករា
