តាកែវ៖ អភិបាលរងខេត្តតាកែវ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ដែលកំពុងកើតមានឡើង នៅក្នុងប្រទេសកម្ពុជាយើង ។
ថ្លែងនៅក្នុងឱកាសនាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការបរិច្ចាគពីក្រុមការងារ និងបងប្អូនអាជីវករក្នុងខេត្តតាកែវ ទៅចែកជូនគ្រួសារក្រីក្រ ស្ថិតក្នុងឃុំជ័យជោគ ស្រុកបូរីជល់សារ ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៦ ខែមេសានេះ ។
លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានធ្វើការផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុលនិងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជាពិសេសមិនត្រូវនាំគ្នាផឹកស៊ីដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍ របស់ខ្លួន និយាយជារួមសូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្ត តាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ជានិច្ច។
លោកអភិបាលរងខេត្តតាកែវ មានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ អត្រាអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួននាក់ស្លាប់ក៏មានការកើនឡើងដូចគ្នាផងដែរ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ពីបញ្ហានេះ ជៀសវាង អនុវត្តផ្ទុយពីការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងសុខាភិបាលដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។
នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការ ជាមួយអាជ្ញាធរជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩ បាននោះទេ៕
ដោយ ៖ គុជ វិភាគ




