ភ្នំពេញ៖ គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតក្នុងតំបន់ដ៏មានសក្ដារនុពល របស់ក្រុមហ៊ុន OCIC បានប្រកាសសម្ពោធ និងដាក់លក់ជាផ្លូវការហើយ ក្រោមវត្តមានថ្នាក់ដឹកនាំ នៃក្រុមហ៊ុន OCIC, កាណាឌីយ៉ាគ្រុប និងក្រុមហ៊ុន មេហ្គាអាសិត មេនេចមេន ក៏ដូចជាការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ក្រុមហ៊ុនអានិកជនវិនិយោគទុនកម្ពុជា ហៅកាត់ថា OCIC នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រកាសបើកសម្ពោធ និងដាក់លក់ជាលើកដំបូង សៀលវើ វីឡា (Silver Villa) នៃគម្រោងជ្រោយចង្វារហ្គាដិន ជាគម្រោងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ OCIC នៃទីក្រុងរណបជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។
លោកស្រី តាំង ស៊ុយចាន់ ប្រធានផ្នែកលក់ នៃគំរោងជ្រោយចង្វារ ហ្គាដិន បានមានប្រសាសន៍ថា គម្រោងថ្មីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ OCIC ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។ លោកស្រី បន្តថា គម្រោងនេះដែរ ផ្ដល់ជូនអតិថិជនជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសបង្កភាពងាយស្រួល សម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។
សូមបញ្ជាក់ថា គម្រោងជ្រោយចង្វារ ហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប ១៣ហិកតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ពោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ។ សម្រាប់ប្រភេទផ្ទះវីឡារបស់គម្រោងនេះ មានចំនួន ៨ប្រភេទ ដូចជា វីឡាកូនកាត់, វីឡាអាជីវកម្ម, វីឡាភ្លោះ, ព្រីមៀម វីឡា (Premium Villas), ព្រីមៀម ហ្គូល វីឡា (Premium Gold Villa), អគារពាណិជ្ជកម្ម, ឡិចរី វីឡា(Luxury Villa) និងសៀលវើ វីឡា (Silver Villa) ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវនិរន្តរភាព នៃសំណង់អគារ៕ អត្ថបទ៖ ឈិត បូរ៉ាវី






