សម្តេចតេជោ ហ៊ុន សែនមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ បើទោះបីបានសូមទោសទាំងកណ្តាលយប់រំលងអាធាត្រក៏ដោយ
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសំណេរក្នុងហ្វេសប៊ុកផេកផ្លូវការនៅម៉ោងជិត២រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ បន្ទាប់ពីVOD បានបង្ហោះលិខិតមួយសន្លឹកក្នុងផេកហ្វេសប៊ុករបស់ខ្លួនបញ្ជាក់ពីកំហុសក្នុងការផ្សាយព័ត៌មានរបស់ខ្លួន ហើយសុំទោសឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ។ សម្តេចតេជោបានបញ្ជាក់ក្នុងសំណេរថា
«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាច និងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយសសូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។» សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាមិន ផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ ។ ស្ថាប័នមានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូចដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២ កុម្ភៈ ២០២៣ដោយគ្មានការកែប្រែ។ សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូន ឬប្រទេសម្ចាស់លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។
សូមបញ្ជាក់ VOD បានសរសេរលិខិតមួយរួចហើយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគ្រាន់តែសរសេរថា សំដែងការសោកស្តាយ និងសូមអធ្យាស្រ័យពីការយល់ច្រឡំនានា ប៉ុន្តែស្រាប់តែម៉ោងជិត១រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញលិខិតសូមទោសមួយទៀត ទទួលស្គាល់កំហុសរបស់ខ្លួនជូនសម្តេចតេជោនាយករដ្ឋមន្ត្រី បន្ទាប់ពីសម្តេចតេជោបានបញ្ជាក់ពីការទទួលយកមិនបានចំពោះការសរសេរក្នុងលិខិតនោះ ហើយស្នើរអោយក្រសួងព័ត៌មានបិទអាជ្ញាបណ្ណវិទ្យុVODនោះ៕



