បាល់ទាត់៖ បន្ទាប់ពី Norwich City ដែលជាក្លិបដំបូងគ្រប់ពិន្ទុឡើងមកកាន់ក្របខណ្ឌកំពូល English Premier League នៅរដូវកាលក្រោយនោះ ក្រុមដែលកំពុងឈរលេខ២ នៅក្របខណ្ឌទី២ League Championship, Watford នៅពេលនេះគ្រប់ពិន្ទុធានាបានកៅអីមកកាន់ Premier League ហើយ។ មួយគ្រាប់បាល់ពិន័យ ១១ម៉ែត្ររបស់ Ismaila Sarr គ្រប់គ្រាន់ល្មមដើម្បីឲ្យ Watford យកឈ្នះ Millwall ១-០។

បីពិន្ទុនេះធ្វើអោយ Watford ធានាបានកៅអីលេខ២ នៅក្របខណ្ឌ League Championship ក្រោយលេង ៤៤ប្រកួតរកបាន ៨៨ពិន្ទុពីលើក្រុមលេខ៣ Brentford ១០ពិន្ទុនៅសល់ ២ប្រកួតទៀតចប់រដូវកាល ខណៈ Brentford នៅសល់ ៣ប្រកួត។ ក្រុមរបស់លោក Xisco Munoz មានស្ថិតិល្អបំផុតប្រកួតក្នុងទឹកដីរាប់តាំងពីឆ្នាំ១៩៧៧ ដោយរកបានជ័យជំនះ ១៨ប្រកួតក្នុងទឹកដី។ រំលឹកថា បុរសវ័យ ៤០ឆ្នាំ Xisco Munoz ជាអ្នកចាត់ការ Watford ទី៥ ដែលបានផ្លាស់ប្ដូរក្នុងរយៈពេលមិនដល់មួយឆ្នាំ ដោយបានមកកាន់តំណែងកាលពីខែធ្នូ ឆ្នាំ២០២០ បន្តពីលោក Vladimir Ivic ដែលត្រូវបានបណ្ដេញចេញក្រោយ Watford ឈរលេខ៥ កាលពីដើមរដូវកាល៕
អត្ថបទ៖នាង សុភាវុធ