ក្រុងប៉ោយប៉ែត៖ រដ្ឋបាលខេត្តប៉ោយប៉ែត បានច្រានចោលព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកដែលនិយាយថា បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានស្លាប់ក្រោយពីឆ្លងមេរោគកូវីដ១៩។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បាននិយាយថា អ្នកប្រើហ្វេសប៊ុកម្នាក់ បានបង្ហោះព័ត៌មានកាលពីថ្ងៃម្សិលមិញនេះដោយភ្ជាប់ជាមួយរូបថតរបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ហើយនិយាយថា បុរសឥណ្ឌូនេស៊ីរូបនេះ បានទទួលមរណភាពហើយ ក្រោយពីសួតរបស់គាត់រងការវាយប្រហារពីមេរោគកូវីដ១៩។
រដ្ឋបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ការអះអាងដោយអ្នកប្រើបណ្ដាញសង្គមបែបនេះ គឺជា«ព័ត៌មានមិនពិត» ដោយថា បុរសជនជាតិឥណ្ឌូនេស៊ីរូបនេះ មានសុខភាព«ល្អប្រសើរ» និងកំពុងស្ថិតក្រោមការព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១នៅឡើយ។
រដ្ឋបាលក្រុងប៉ោយប៉ែត ក៏បានស្នើទៅសមត្ថកិច្ចឱ្យស្វែងរកបុគ្គលអ្នកបង្ហោះព័ត៌មានបែបនេះ យកទៅអនុវត្តតាមនីតិវិធីច្បាប់៕