បាល់ទាត់៖ លោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍បាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ខេត្តឆ្នាំ២០២៣ ដែលស្ដែងឲ្យឃើញពីភាពរីកចម្រើននៃវិស័យកីឡាក្នុងខេត្ត ក៏ដូចជាការចូលរួមរបស់ស្ដ្រីក្នុងវិស័យកីឡា ស្របតាមនិយាមកីឡាទំនើបផងដែរ។
ការលើកឡើងនេះបន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល បានដំណើរការរៀបចំការប្រកួតបាល់ទាត់នារីរយៈពេល ១សប្ដាហ៍ដែលទើបបញ្ចប់កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមបាល់ទាត់នារីស្អាងយើងស្អាតបានគ្រងតំណែងជើងឯក បន្ទាប់ពីយកឈ្នះក្រុមនារីស្រុកកណ្ដាលស្ទឹងក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១១-១។ លោកស្រីបន្ដថា ការប្រកួតនេះបានបង្ហាញឲ្យឃើញថា វិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសការចូលរួមពីសំណាក់យេនឌ័រក្នុងវិស័យកីឡា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរ ដែលបានខិតខំគាំទ្រយ៉ាងពេញទំហឹងទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា ក្នុងនោះការិយាល័យ អប់រំកាយ និងកីឡាក៏បានយកចិត្តទុកដាក់រៀបចំផែនការ សកម្មភាពជាអាទិភាពផ្តោតលើសក្តានុពល និងធនធានលើប្រភេទកីឡាមានក្នុងខេត្ត ដើម្បីធានានូវគុណតម្លៃ ការបង្កលក្ខណៈ និងការផ្ដល់សិទ្ធិឲ្យស្ត្រីមានឱកាស និងលទ្ធភាពក្នុងការចូលរួមលេងកីឡាផងដែរ។
បន្ថែមលើនេះ លោកស្រីបានកោតសរសើរចំពោះក្រុមកីឡាការិនីទាំងអស់ ដែលបានយកស្មារតីសាមគ្គីភាព និងមានសីលធម៌ប្រកបដោយការទទួលខុសត្រូវខ្ពស់ មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងពីក្រុមមួយទៅក្រុមមួយទៀត ធ្វើឲ្យការប្រកួតនេះទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ដោយឡែកក្រុមទទួលបានជ័យជម្នះ ត្រូវបានលោកស្រីជំរុញឲ្យបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតក្រោយៗទៀត ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីរួមចំណែកអភិវឌ្ឍន៍អភិវឌ្ឍន៍វិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ លី ឈុនឡា