ឥណ្ឌូនេស៊ី៖ មេបញ្ជាការយោធាឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ក្រុមនាវិកទាំងអស់ ៥៣នាក់នៅលើនាវាមុជទឹកដែលបានលិចបានស្លាប់ ក្នុងនោះបំណែកនាវាត្រូវបានរកឃើញ។

លោកសេនាប្រមុខ ហាឌី តាចាន់តូ មេបញ្ជាការកងទ័ពអាកាសឥណ្ឌូនេស៊ីបាននិយាយថា ក្រុមរុករកទទួលបានរូបភាពច្បាស់ ដែលបានបញ្ជាក់ថាជាបំណែករបស់នាវាមុជទឹក KRI Nanggala 402 ដូចជាកន្ទុយនាវា យុថ្កា និងផ្នែកខាងក្រៅនៃតួនាវា។ លោកបន្តថា ដោយផ្អែកលើភស្តុតាងពិតប្រាកដ ពួកយើងអាចបញ្ជាក់បានថា នាវាមុជទឹក KRI Nanggala 402 បានលិច ហើយក្រុមនាវិកទាំងអស់បានស្លាប់។ លោកតា ចាន់តូ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅកោះបាលី។ លោកនិយាយថា ជាមួយនឹងទុក្ខដ៏ក្រៀមក្រំនេះ តាងនាមរូបលោកជាមេបញ្ជាការកងទ័ព លោកសូមប្រកាសថា បុគ្គលិកនៅលើនាវាមុជទឹក KRI Nanggala 402 បានស្លាប់។
យោធាបានបង្ហាញអ្វីដែលក្រុមអ្នករុករកបានរកឃើញ ឈុតរត់គេចនៅក្នុងនាវាមុជទឹក។ លោកឧត្ដមនាវីឯក យូដូ ម៉ាហ្គោណូ មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា តាមធម្មតាឈុតបែបនេះនៅក្នុងប្រអប់សង្គ្រោះបន្ទាន់។ ប្រហែលជាមានអ្នកដកឈុតទាំងនេះចេញពីប្រអប់ ប៉ុន្តែពួកគេមិនអាចពាក់វាបាន៕
អត្ថបទ៖ សារ៉ាត់