លោក យឿន យឿត អ្នកអធិប្បាយនយោបាយតាមបណ្តាញសង្គម នៃសេនាសន្តិភាព សូមប្រកាសគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក្នុងការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD) ចាប់ពីពេលនេះតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។
លោក យឿន យឿត បានបន្តថា ចំណាត់ការសម្រេចឱ្យលុបអាជ្ញាបណ្ណវីអូឌី (VOD)នេះ គឺជាការកែទំរង់ដ៏ល្អប្រសើរបំផុតមួយ និងជាការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដើម្បីឲ្យកម្ពុជាទាំងមូលរួមគ្នាបំបាត់ចោលនូវពត៌មានក្លែងក្លាយ ដែលបំពានអ្នកដទៃ បំភ្លៃការពិត ដែលជាគ្រោះថ្នាក់បង្កនូវភាពច្របូលច្របល់ និងហានិភ័យដល់ស្ថេរភាពសង្គម និងសន្តិសុខជាតិ។សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់នូវពាក្យស្លោកដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជនគឺ «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះដែរ មហាជនមន្រ្តីរាជការ បណ្ដាក្រសួង ស្ថាប័ននានា រួមទាំងអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានប្រកាសពីការគាំទ្រជាបន្តបន្ទាប់ ចំពោះការបិទសារព័ត៌មាន VODនេះដែរ។ ការបិទស្ថាប័នព័ត៌មានមួយនេះ គឺដោយសារតែមានការប្រព្រឹត្តខុស ផ្ទុយពីវិជ្ជាជីវៈសារព័ត៌មាន ក្នុងការផលិតផ្សព្វផ្សាយព័ត៌មាន៕