ទួរគី៖ ម្ចាស់អាជីវកម្មនៅក្នុងតំបន់កណ្តាលទីក្រុង Antakya ប្រទេសទួរគីបានបិទហាងរបស់ពួកគេកាលពីថ្ងៃអាទិត្យ ដើម្បីការពារទំនិញរបស់ពួកគេពីការចូលលួច បន្ទាប់ពីរញ្ជួយដីដែលបានបំផ្លាញទីក្រុងនេះ។ ការរញ្ជួយដីដ៏មានឥទ្ធិពលចំនួន ២លើកដែលបានវាយប្រហារកាលពីថ្ងៃចន្ទ ទី៦ ខែកុម្ភៈបានបណ្តាលឲ្យមនុស្សជាង ៣៣,០០០នាក់ស្លាប់នៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី។
ចំនួនអ្នកស្លាប់ត្រូវបានកំណត់ថាកើនឡើង ខណៈបំណែកបាក់បែកអគាររាប់ពាន់ខ្នងនៅមិនទាន់ត្រូវបានបោសសម្អាតអស់នៅឡើយ។ នៅក្នុងទីក្រុង Antakya ប្រទេសទួរគី ប្រជាជន និងបុគ្គលិកផ្តល់ជំនួយដែលមកពីទីក្រុងនានា បានលើកឡើងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ ដោយទំនិញនៅក្នុងហាង លំនៅឋាន និងកន្លែងស្នាក់នៅបណ្តោះអាសន្នត្រូវបានចូលលួច។ ពលរដ្ឋដែលបាត់បង់លំនៅឋានដោយសារការរញ្ជួយដី បច្ចុប្បន្ននេះកំពុងស្នាក់នៅក្នុងរថយន្ត ឬតង់បាននិយាយថា របស់មានតម្លៃរបស់ពួកគេរួមមានមាសត្រូវបានលួច។
លោក Yüksel Uzun ម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិចកំពុងរៀបចំទុកដាក់ប្រអប់ទំនិញ រួមមានឆ្នាំងសាក និងប្រអប់ទូរស័ព្ទនៅលើរថយន្តដឹកទំនិញពីរគ្រឿង ដោយមានជំនួយពីអ្នកផ្សេងទៀតជាច្រើននាក់ និយាយថាហាងរបស់យើងបានខូចខាត ហើយចោរបានចូលលួចទំនិញ។ គេយកអ្វីដែលគេអាចយកទៅបាន ហើយយើងនៅសល់អ្វីដែលគេបន្សល់ទុកឲ្យ។ អ្នករស់រានមានជីវិតនៅតំបន់កណ្តាលនៃការរញ្ជួយដីនៅទីក្រុង Kahramanmaras ប្រទេសទួរគី បានបោះជំរំនៅខាងក្រៅនៅលើដងផ្លូវក្បែរអគារបាក់រលំ ដើម្បីទទួលសាកសពសាច់ញាតិរបស់ពួកគេ ខណៈប្រតិបត្តិការជួយសង្គ្រោះត្រូវបានបិទនៅក្នុងតំបន់ជាច្រើន៕
អត្ថបទ៖ ប៊ុនថន