វាយកូនបាល់៖ កីឡាករវាយកូនបាល់ Wu Yibing បានក្លាយជាកីឡាករចិនទី១ ដែលឈ្នះជើងឯកនៅក្របខណ្ឌ ATP Tour បន្ទាប់ពីជ័យជំនះលើកីឡាករម្ចាស់ផ្ទះអាមេរិក John Isner លើកពាន Dallas Open។ កីឡាករវ័យ ២៣ឆ្នាំចិនបច្ចុប្បន្នឈរចំណាត់ថ្នាក់លេខ៩៧ ពិភពលោកបានយកឈ្នះកីឡាករសេវាខ្លាំង John Isner ដោយលទ្ធផលតានតឹង ៦-៧(៤-៧) ៧-៦(៧-៣) និង ៧-៦(១៤-១២) ដែលប្រើពេលដល់ទៅជិត ៣ម៉ោងទើបរកចាញ់ឈ្នះឃើញ។

Yibing បានសង្គ្រោះគ្រាប់បាល់ជ័យជំនះរបស់ Isner ដល់ទៅ ៣លើកនៅសិតចុងក្រោយ ដើម្បីយកឈ្នះនៅសិតចុងក្រោយទាំងប្រផុតប្រផើយ។ Wu Yibing នឹងឡើងមកឈរលំដាប់លេខ៥៨ ពិភពលោកនៅថ្ងៃចន្ទនេះ ហើយក៏នឹងក្លាយជាកីឡាករចិនទី១ ដែលមានលំដាប់ថ្នាក់ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ATP Ranking ផងដែរ។ រំលឹកថា Wu Yibing បានខកខានការប្រកួតពីខែមីនា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាររបួស ហើយនេះគឺជាការបង្ហាញខ្លួននៅវគ្គផ្តាច់ព្រ័ត្រលើកដំបូងប៉ុណ្ណោះ។
មុនមកដល់ព្រឹត្តិការណ៍នេះ Wu Yibing ឈ្នះតែ ៦ប្រកួតប៉ុណ្ណោះ ដែលក្នុងនោះមានឈ្នះកីឡាករកំពូលរបស់អាមេរិក Taylor Fritz និងកីឡាករកាណាដា Denis Shapovalov ផងដែរដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ។ ដោយឡែកងាកទៅការប្រកួតផ្នែកបុរសមួយកម្មវិធីទៀតកីឡាករអ៊ីតាលី Jannik Sinner បានគ្រងជើងឯក Open Sud de France នៅទីក្រុង Montpellier ប្រទេសបារាំង។ Jannik Sinner បានយកឈ្នះកីឡាករអាមេរិក Maxime Cressy នៅវគ្គផ្តាច់ព្រ័ត្រ ៧-៦(៧-៣) និង ៦-៣ ដើម្បីលើកពានទី៧ ក្នុងអាជីពនៅក្របខណ្ឌ ATP Tour៕
អត្ថបទ៖នាង សុភាវុធ