ប្រណាំងរថយន្ត៖ កីឡាករអេស្តូនី Ott Tanak បានប្រជែងឈ្នះការប្រកួតនៅប្រទេសស៊ុយអែត ដើម្បីឡើងមកនាំមុខគេក្នុងតារាងជើងឯកពិភពលោកប្រណាំងរថយន្ត Rally។ កីឡាកររបស់ក្រុមប្រណាំង M-Sport Ford រូបនេះបានបញ្ចប់ការប្រកួតនៅប្រទេសស៊ុយអែតនេះជាមួយថេរវេលាល្អជាងអ្នកលេខ២ Craig Breen ជិះឱ្យក្រុម Hyundai ១៨វិនាទី ៧។

ជ័យជំនះនេះដែរបានធ្វើឱ្យ Ott Tanak ឡើងមកនាំមុខគេក្នុងតារាងជើងឯកពិភពលោក ក្រោយប្រកួតបាន ២ទីលានក្នុងចំណោម ១៣ទីលានរដូវកាល ២០២៣ នេះ។ រំលឹកថា Ott Tanak ធ្លាប់ជាកីឡាកររបស់ក្រុម M-Sport Ford ចន្លោះឆ្នាំ ២០១១-២០១៧ មុនពេលចាកចេញទៅចូលរួមជាមួយ Toyota និង Hyundai។ ក្រោយមក Tanak ក៏បានត្រលប់មកកាន់ M-Sport Ford វិញរដូវកាល ២០២៣ នេះ និងបានជួយក្រុមឱ្យឈ្នះការប្រកួត Rally លើកដំបូងក្នុងរយៈពេល ៣៨៥ថ្ងៃពីជ័យជំនះចុងក្រោយរបស់ក្រុមនៅ Monte Carlo។
លេខ៣ នៅស៊ុយអែតនេះបានទៅកីឡាករប៊ែលហ្ស៊ិក Thierry Neuville ដែលកំពុងឈរលេខ៣ ក្នុងតារាងជើងឯកពិភពលោកផងដែរពីក្រោយអ្នកលេខ២ កីឡាករហ្វាំងឡង់ Kalle Rovanpera ៦ពិន្ទុ ខណៈ Ott Tanak មាន ៤១ពិន្ទុល្អជាងអ្នកលេខពីរ ៣ពិន្ទុ។ ជុំបន្ត Rally World Championship នឹងបន្តទៅទឹកដីម៉ិកស៊ិកពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមីនា៕
អត្ថបទ៖នាង សុភាវុធ