ភ្នំពេញ ៖ អង្ករចំនួន ២០០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈក្រុមហ៊ុនOCIC ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋខ្វះខាត និងងាយរងគ្រោះ។
អង្ករចំនួន ២០០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់បន្តចែកជូនប្រជាពលរដ្ឋខ្វះខាត និងងាយរងគ្រោះ ដែលពិធីប្រគល់ និងទទួលអង្ករនេះបានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈលោក ទូច សំណាង អគ្គនាយករង ក្រុមហ៊ុនOCIC តំណាងអ្នកឧកញ៉ា ពុង ឃាវសែ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនOCIC ដែលបានផ្តល់នូវអង្ករចំនួន២០០តោននេះ ដើម្បីជាការរួមចំណែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាត និងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាស្តែងឱ្យឃើញអំពីការគិតគូ និងក្ដីអាណិតស្រលាញ់ចំពោះបងប្អូនប្រជាពលរដ្ឋខ្វះខាត និងងាយរងគ្រោះទាំងអស់ក្នុងរាជធានីភ្នំពេញ ដោយឈរលើស្មារតីសាមគ្គី និងជួយទំនុកបម្រុងគ្នាក្នុងគ្រាលំបាក តាមរយៈការឧបត្ថម្ភគ្រឿងបរិភោគជាអង្ករនេះ។ កាយវិការដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងរាជធានីភ្នំពេញផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


