ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានថ្លែងថា ក្នុងពេលចុះបេសកកម្មនៅតាមបណ្ដាខេត្ត នារយៈពេលប៉ុន្មានខែមកនេះ គឺមានរោងម៉ាស៊ីនកិនស្រូវចំនួន ៤១កន្លែង ចង់មានកិច្ចសន្យាជាមួយកសិករ ដើម្បីទិញស្រូវក្នុងតម្លៃសមរម្យ ដែលមានប្រភពពូជច្បាស់លាស់ ។
ឯកឧត្តម យ៉ង សាំងកុមារ បានប្រាប់ BTV នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា បច្ចុប្បន្នក្រុមការងាររបស់ក្រសួងកសិកម្ម កំពុងស្រង់ចំនួនឲ្យបានច្បាស់លាស់ នៃសហគមន៍ ដែលមានការផលិតពូជស្រូវ ដោយសហគមន៍មានស្រាប់ ត្រូវពង្រឹងពួកគាត់ និងធ្វើការពង្រីកបន្ថែម ។
ឯកឧត្តមបានបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២៣នេះ រំពឹងថា នឹងអាចក្ដាប់បាននូវចំនួនសហគមន៍ស្រូវពូជដែលក្រសួងបានគាំទ្រកន្លងមក ហើយមន្ទីរកសិកម្មនៅតាមបណ្ដាខេត្តធ្វើការប្រមូលចំនួនកសិករ ដែលនឹងត្រូវចុះកិច្ចសន្យាជាមួយខាងរោងម៉ាស៊ីនកិនស្រូវ ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ក្នុងពេលចុះតាមសហគមន៍កសិកម្មនីមួយៗ ក្រុមកាងារក្រសួងបានពន្យល់កសិករ ពីប្រព័ន្ធដែលតភ្ជាប់គ្នា រវាងអ្នកផលិតស្រូវពូជ អ្នកផលិតស្រូវចំណី និងរោងម៉ាស៊ីន ដែលជួយឲ្យទាំងអ្នកផលិតពូជ និងអ្នកផលិតស្រូវចំណី ទទួលបានការធានាទីផ្សារ និងរោងម៉ាស៊ីនទទួលបានស្រូវសុទ្ធល្អ សម្រាប់កែច្នៃអង្ករ ដើម្បីលក់មកកាន់ទីផ្សារ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការកសាងប្រព័ន្ធផលិត និងបែងចែកពូជស្រូវកំពុងធ្វើដំណើរទៅមុខ ដើម្បីធានា ចំពោះអ្នកផលិតពូជស្រូវល្អ មានទីផ្សារសម្រាប់លក់ពូជ របស់កសិករ ដែលជាផ្នែកសំខាន់ នៃប្រព័ន្ធច្រវ៉ាកផលិតកម្ម និងទីផ្សារស្រូវអង្ករ ៕ អត្ថបទ ៖ បាន សុខរិទ្ធិ









