
ភ្នំបេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញទៅចូលរួមក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តភ្នំសុពណ៌កាទ្បី ស្ថិតក្នុងចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានសសម្តែងការរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើន ដែលមាននៅក្នុងទីអារាម ដែលមានវ័យចំណាស់ជាង ១០០ឆ្នាំមួយនេះ និងដែលមានជាប់ទាក់ទិនទៅនឹងរឿងព្រេងនិទានបុរាណប្រចំាតំបន់នេះផងដែរ។
សមិទ្ធផលទាំងនេះកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ តាមរយៈការប្រតិបត្តិនូវប្រពៃណី នៃការចែករំលែក ដោយបានខិតខំថែរក្សា និងបន្តកសាងសមិទ្ធផលដែលបុព្វបុរសជំនាន់មុនបានបន្សល់ទុកឱ្យជាកេរតំណែល និងប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
ឯកឧត្តម បានបន្តថា ការធ្វើអំពើបុណ្យ និងការធ្វើអំពើបាប គឺត្រូវបានឆ្លុះបញ្ចាំង និងទទួលការវិនិច្ឆ័យតាមរយៈសច្ចធម៌ពិតប្រាកដដោយមនុស្សនៅជុំវិញខ្លួន។ ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា តែងបានធ្វើបុណ្យធ្វើទានជាមួយប្រជាពលរដ្ឋជាប់ជាប្រចាំ ជាពិសេសអស់រយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ ហើយក៏នៅតែបន្តកសាងកុសលផលបុណ្យ និងសមិទ្ធផលច្រើនសន្ធឹកសន្ធាប់តទៅមុខទៀត ដោយនិរន្តរភាព និងចីរភាព។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងផងដែរថា សម្តេចតេជោ តែងមានមនោសញ្ចេតនាជ្រាលជ្រៅបំផុតជាមួយប្រជាពលរដ្ឋ ដោយសម្តេចបានយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ជនរួមជាតិ ហើយសម្តេចក៏ជាតួអង្គដ៏សំខាន់មួយនៃដំណើរការបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសុខសនិ្តភាព សិទ្ធសេរីភាព និងឱកាសគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដែលធ្លាប់ហែលឆ្លងទុក្ខលំបាកវេទនាជាច្រើនក្នុងអតីតកាល។
ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជានោះ សម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់ បន្តបម្រើ និងការពារប្រជាពលរដ្ឋ និង ប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែមទៀត៕ អត្ថបទ៖ បាន ចក់










