ស្នូកឃ័រ៖ ក្រុមកីឡាករជម្រើសជាតិប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ៨រូបដែលបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅប្រទេសថៃ បានត្រឡប់មកដល់មាតុភូមិវិញហើយកាលពីចុងសប្ដាហ៍កន្លងទៅ ដោយពួកគេបានបង្ហាញនូវទំនុកចិត្តកាន់តែខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ថ្លែងប្រាប់ក្រុមការងារ BTV ក្រោយត្រឡប់ពីហ្វឹកហាត់ ២សប្ដាហ៍នៅប្រទេសថៃ កីឡាករ សេង ពិសាខបូព្រឹក និងកីឡាករ លឹម ចុងអៀវ បានគូសបញ្ជាក់ថា ការហ្វឹកហាត់ក្រៅស្រុកពិតជាបានធ្វើឲ្យពួកគេកើនសមត្ថភាព តែយ៉ាងណាមិនទាន់គ្រាប់គ្រាន់នោះទេ ដែលទាមទារឲ្យពួកគេខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតស៊ីហ្គេមនាពេលខាងមុខ។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានឲ្យដឹងដែលថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំពង្រឹងការប្រមូលផ្ដុំហ្វឹកហាត់ ទាំងក្នុង និងក្រៅស្រុក ដើម្បីជំរុញគុណផលកម្រិតខ្ពស់ដល់កីឡាករ។ ក្រៅពីការហ្វឹកហាត់នៅថៃ ក៏មានកីឡាករ-កីឡាការិនីមួយចំនួនកំពុងហ្វឹកហាត់នៅសាធារណៈរដ្ឋកូរ៉េ បារាំង និងវៀតណាមផងដែរ។
គួរដឹងថា កីឡាប៊ីយ៉ា និងស្នូកឃ័រគឺជាប្រភេទកីឡាមួយក្នុងចំណោមកីឡា ៣៧ប្រភេទ ដែលត្រូវបានកំណត់ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡានេះបានកំណត់វិញ្ញាសាចំនួន ១០ សម្រាប់ដំណើរការប្រកួតពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនៅសណ្ឋាគារសុខា ខណៈសហព័ន្ធរំពឹងដណ្ដើមបានមេដាយយ៉ាងហោច ១គ្រឿងក្នុងនាមម្ចាស់ផ្ទះ៕ អត្ថបទ៖ លី ឈុនឡា