ហាប់គីដូ៖ ក្រោមកិច្ចសហការល្អជាមួយសាលាបណ្ឌិតសភានគរបាលកម្ពុជា សហព័ន្ធខ្មែរកីឡាហាប់គីដូបានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្វឹកដែលជាមន្ដ្រីនគរបាលចំនួន ១០រូបសម្រាប់យកទៅបង្ហាត់ និងបម្រើក្នុងការងារប្រតិបត្តិការបង្ក្រាបបទល្មើស ឬមុខសញ្ញាផ្សេងៗ។
គ្រូបង្គោលហាប់គីដូដែលទើបទទួលបានការបណ្ដុះបណ្ដាលពីគ្រូជំនាញ នៃសហព័ន្ធខ្មែរកីឡាហាប់គីដូ រួមមានលោក នុត សុខលី, អៀវ ប៊ុនណា, អ៊ុក ទិត, សាត់ សុធា, លាង សុខហេង, ឈិញ ផល, កេត កិត្យារ៉ា, ជឹម រ៉ន, តិន សុវណ្ណរា និងកញ្ញា សំ ថារ័ត្ន ដែលបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាកាលពីចុងសប្ដាហ៍កន្លងទៅ។ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គនេះមានរយៈពេល ៣ខែដោយសហព័ន្ធបានច្បិចយកបច្ចេកទេសពិសេសៗរបស់កីឡាហាប់គូដូ ស្របតាមបេសកកម្មរបស់កងកម្លាំង សម្រាប់ចែករំលែកដល់សិក្ខាកាមមកពីសាលាបណ្ឌិតសភានគរបាលកម្ពុជា។ លោកបានចាត់ទុកវគ្គនេះគឺជាវគ្គដ៏សារៈសំខាន់មួយ ដើម្បីរួមចំណែកជាមួយកម្លាំងនគរបាលជាតិ ក៏ដូចជាពង្រីកការផ្សព្វផ្សាយប្រភេទកីឡានេះឲ្យកាន់តែទូលំទូលាយថែមទៀត។
លោក គួច ហុងជៀក អនុប្រធានសហព័ន្ធបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូបង្គោលទាំងអស់ដែលបានប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយធនធានដ៏សំខាន់ក្នុងការផ្ទេរចំណេះវិជ្ជាដល់យុវជនជំនាន់ក្រោយៗ ដើម្បីអ្នកហាត់រៀនក្បាច់គុនមួយនេះមានសុខភាពល្អទាំងរាងកាយ និងបញ្ញាស្មារតី ពិសេសសម្រាប់កងកម្លាំងយកទៅអនុវត្តក្នុងការងារឲ្យមានប្រសិទ្ធភាពខ្ពស់ និងមិនសូវបង្ករបួសស្នាមជាដើម៕
អត្ថបទ៖ លី ឈុនឡា