ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានរៀបចំ សម្ភារបរិក្ខារ ដើម្បីត្រៀមទទួលពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅទីតាំងមូលដ្ឋានពហុកីឡដ្ឋានជាតិ អូឡាំពិក។
លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៦ មេសា ២០២១នេះ ថា ការរៀបចំព្យាបាលនៅទីតាំងនេះ អាចដាក់អ្នកជំងឺសម្រាកព្យាបាល បានចំនួនប្រហែល៩០០គ្រែ។
លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស បានបញ្ជាក់ទៀតថា សម្រាប់បុគ្គលិកគ្រប់ផ្នែក និងក្រុមគ្រូពេទ្យ ដែលចូលរួមពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក មានចំនួនជាង១៨០នាក់ ហើយក្រុមគ្រូពេទ្យទាំងអស់នោះ មកពីបណ្តាខេត្តនានា ដើម្បីចូលរួមពិនិត្យ ព្យាបាលជំងឺដ៏កាចសាហាវនេះ។ ទន្ទឹមនឹងនោះស្របពេលដែរពហុកីឡដ្ឋានជាតិអូឡាំពិក ត្រូវបានប្រែក្លាយជាមនី្ទរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩នេះ ក៏ត្រូវបែងចែកជា៣តំបន់ ដូចជា៖ ទី១.តំបន់ក្រហម សម្រាប់អ្នកជំងឺស្នាក់នៅ, ទី២.តំបន់លឿង សម្រាប់គ្រូពេទ្យស្នាក់នៅ និងទី៣.តំបន់បៃតង សម្រាប់អ្នកយកសម្ភារៈបរិក្ខារពេទ្យ យកមកត្រឹមផ្លូវចូលតែប៉ុណ្ណោះ ដើម្បីការពារសុវតិ្ថភាព នៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាពល្អ ក្រៅពីនោះផ្នែកសន្តិសុខ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ និងជួយសម្របសម្រួលក្នុងទីតាំងនេះផងដែរ៕អត្ថបទ ៖ រដ្ឋា
















