បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានត្រលប់មកហ្វឹកហាត់វិញជាមួយ Paris Saint Germain មុនការប្រកួតទល់នឹង Bayern Munich រាត្រីនេះក្របខណ្ឌ UEFA Champions League វគ្គ ១៦ក្រុមចុងក្រោយជើងទី១។

កីឡាករវ័យ ២៤ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានយ៉ាងហោចណាស់ ៣សប្តាហ៍ក្រោយរករបួសកាលពីដើមខែ។ គ្រូបង្វឹក PSG លោក Christophe Galtier បាននិយាយថា ជុំវិញរឿង Mbappe អាចចូលលេងបានរឺអត់យប់នេះត្រូវចាំមើលសិន តែជាក់ស្តែងយើងរីករាយដែល Mabppe ត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញ។ Paris Saint Germain កំពុងធ្លាក់ទម្រង់លេងខ្លាំងក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីចាញ់ Monaco ៣-១ នៅក្របខណ្ឌបារាំង Ligue 1 កាលពីថ្ងៃសៅរ៍ដែលជាបរាជ័យលើកទី៤ ក្នុងឆ្នាំ២០២៣ នេះ។

ជាមួយគ្នានោះដែរ Lionel Messi ដែលមានបញ្ហារបួសសរសៃពួរដែរនោះ ក៏គេឃើញមានឈ្មោះក្នុងបញ្ជីកីឡាករ ប្រកួតទល់នឹង Bayern Munich ផងដែរ។ ផ្ទុយពី PSG ដែលធ្លាក់ចុះទម្រង់លេង Bayern Munich វិញមិនទាន់ចាញ់ឡើយ ១៧ប្រកួតជាប់គ្នារាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា។ ជំនួបយប់នេះនឹងជាការរំលឹកឡើងវិញនៃជំនួបក្រុមទាំងពីរនៅវគ្គផ្តាច់ព្រ័ត្រ UCL កាលពីឆ្នាំ២០២០ ដោយនៅពេលនោះ Bayern Munich ឈ្នះ ១-០ លើកពានជើងឯកអឺរ៉ុបលើកទី៦៕
អត្ថបទ៖នាង សុភាវុធ